
ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានផ្សព្វផ្សាយឱ្យដឹងថា នៅថ្ងៃនេះឯកអគ្គរាជទូត កាង និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមគ្នាដាក់ចេញឱ្យដំណើរការនូវគោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់(WHS) នៅកម្ពុជា។
ប្រភពដដែលបន្តថា វាជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលចូលរួមក្នុងវិស័យសំណង់ ដែលជាវិស័យមួយប្រកបទៅដោយសក្ដានុពលនៅកម្ពុជា ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៅការដ្ឋានសំណង់ គោលការណ៍ណែនាំនេះក៏គ្របដណ្តប់លើបញ្ហាសំខាន់ៗនានាផងដែរ ដូចជាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាដើម។
គោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់(WHS) ដែលត្រូវបានអនុម័ត នេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា ហើយត្រូវបានរៀបចំរួចរាល់ទាន់ពេលវេលា និងចាំបាច់សម្រាប់ឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា។
គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីកម្មវិធីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) ជាកម្មវិធីឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ដែលមានទឹកប្រាក់សរុប ៥១,៧ លានដុល្លារអូស្រ្តាលី។ សិក្ខាសាលាផ្សព្វផ្សាយជាបន្តបន្ទាប់ ស្តីពីគោលការណ៍ណែនាំនេះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងខេត្តនានាក្នុងខែមិថុនា ឆ្នាំ២០២២៕ ដោយ៖ គង់ ឌិន


