នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ អ្នកសារព័ត៌មានបារាំង បានឱ្យ BTV ដឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពេលនេះ កំពុងបង្ហាញថា ហ្វ្រង់កូហ្វូនី និងកម្ពុជា កំពុងមានទំនាក់ទំនងរស់រវើក។ លោកបញ្ជាក់ថា នេះជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ដែលមានប្រធានាធិបតីបារាំង អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្រាប់លោកដែលជាជនជាតិបារាំង លោកសង្ឃឹមថា សមាគមន៍ប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នឹងចូលរួមអភិវឌ្ឍវិស័យជាច្រើននៅកម្ពុជា។
អ្នកសារព័ត៌មានបារាំង បានលើកឡើងបន្តថា ជាលើកទី១ ដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងស្ត្រីទី១បារាំង បានអញ្ជើញមកដល់កម្ពុជា ប៉ុន្តែមានលក្ខណៈសាមញ្ញ និងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋកម្ពុជា។
លោកលើកឡើងបន្ថែមថា ឱកាសចូលរួម កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ មានប្រទេសសមាជិកជាច្រើនចូលរួម រួមទាំងមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិការណ៍បណ្ដាប្រទេសនិយាយជាភាសាបារាំងទាំងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ជាដើម។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងភរិយា បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។ ភ្លាមៗបន្ទាប់ពីចុះពីលើយន្តហោះ លោក និងភរិយា មិនបានឡើងជិះរថយន្តចាកចេញពីព្រលានយន្តហោះភ្លាមនោះទេ ប៉ុន្តែបានដើរថ្មើរជើងសំដៅទៅរក ក្រុមសិល្បៈស្វាគមន៍ និងហ្វូងមហាជនដែលកំពុងរង់ចាំទទួលស្វាគមន៍៕











