ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិដែលបានមកយកព័ត៌មាន និងផ្តិតយករូបភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បានជឿជាក់ថា កិច្ចប្រជុំកំពូលនេះគឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសប្រើប្រាស់ភាសាបារាំង បង្កើតភាពជាដៃគូថ្មីៗ និងទាក់ទាញអ្នកវិនិយោគមកចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នានា។
អ្នកសារព័ត៌មានមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសាធារណរដ្ឋបារាំង បានលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ អាចក្លាយជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលប្រើប្រាស់ភាសាបារាំង និងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ដោយសារអង្គការហ្វ្រង់កូហ្វូនីមានសមាជិកប្រមាណ ៩០ ប្រទេស សហគមន៍នេះក៏ជាទីផ្សារដ៏មានសក្តានុពលសម្រាប់កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជួយលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានអន្តរជាតិទាំងនោះ ក៏បានកោតសរសើរចំពោះការរៀបចំកម្មវិធី និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនកម្ពុជា ដោយពួកគេបានរៀបរាប់ថា នៅពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញ ពួកគេបានឃើញការរៀបចំផ្ទាំងផ្សព្វផ្សាយធំៗនៅតាមទីតាំងនានា ដើម្បីផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ អ្វីដែលធ្វើឱ្យពួកគេចាប់អារម្មណ៍ជាងគេ គឺភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលតែងតែញញឹម ស្វាគមន៍ និងត្រៀមខ្លួនជួយដល់ភ្ញៀវអន្តរជាតិគ្រប់ពេលវេលា។
ចំពោះការរៀបចំកិច្ចប្រជុំវិញ ពួកគេបានវាយតម្លៃថា មានភាពល្អប្រសើរ និងដំណើរការយ៉ាងរលូន។ ទាំងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការរៀបចំនៅក្នុងសាលប្រជុំ សុទ្ធតែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាព។ ពួកគេបានថ្លែងអំណរគុណដល់កម្ពុជាចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលើកឡើងថា ចាប់តាំងពីបានមកដល់រាជធានីភ្នំពេញ ពួកគេមានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់យ៉ាងល្អ។ លើសពីនេះ ពួកគេក៏បានកោតសរសើរចំពោះវប្បធម៌ខ្មែរដែលមានភាពសម្បូរបែប និងលេចធ្លោផងដែរ។
អ្នកកាសែតទាំងនោះមានប្រសាសន៍ថា៖ «យើងនឹងប្រាប់ទៅកាន់ប្រជាជននៅក្នុងប្រទេសរបស់យើងថា ប្រជាជនកម្ពុជាដែលបានជួបពិតជារួសរាយរាក់ទាក់ខ្លាំងណាស់ ពោរពេញដោយស្នាមញញឹម មានចិត្តល្អ និងរង់ចាំជួយជានិច្ច។ លើសពីនេះ ប្រទេសកម្ពុជាមានកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ទស្សនា និងស្វែងយល់ ទាំងផ្នែកប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ ដូចជា ប្រាសាទបុរាណ និងរបាំប្រពៃណី ជាដើម។ សូម្បីតែរាជធានីភ្នំពេញផ្ទាល់ ក៏ជាទីក្រុងដែលគួរឲ្យចង់រស់នៅ និងមានកន្លែងកម្សាន្តជាច្រើនគួរឲ្យទស្សនា ផងដែរ»។
សូមបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៣០០អង្គភាព មកពីជាង ៤០ប្រទេស បានមកផ្ដិតយករូបភាព និងផ្សព្វផ្សាយពីពិធីបើក និងដំណើរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជានៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ៕







