នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ីណត ឌីស្ប៉ា (Benoît Dispa) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល នៃព្រះរាជាណាចក្របែលហ្ស៊ិក បានថ្លែងការកោតសរសើរពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការផ្សះផ្សារ និងបញ្ចប់សង្គ្រាមពីអតីតកាល និងជំហរបច្ចុប្បន្នក្នុងការការពារសុខសន្តិភាព ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តម ប៊ីណត ឌីស្ប៉ា បានចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ខណៈដែល ឯកឧត្តម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
ឯកឧត្តមបានកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ជាពិសេសឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះប្រកបដោយអត្ថន័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការថែរក្សាសន្តិភាព និងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ហ្វ្រង់កូហ្វូនី គាំទ្រសន្តិភាព និងមានជំនឿមុតមាំថា បញ្ហានេះនឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ។
ជាមួយគ្នានេះ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជាពលរដ្ឋកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្តម និងគណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត ព្រមទាំងមានស្នាមញញឹមប្រកបដោយការស្រឡាញ់ ការគោរព និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមប្រធានសភាសហព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភាជាស្ថាប័នសំខាន់តំណាងឱ្យប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី មានក្តីសប្បាយរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានសហព័ន្ធ និងសហការីនៅក្នុងឱកាសនេះ។ ក្នុងនាមពលរដ្ឋខ្មែរ សម្តេចមានក្តីសប្បាយរីករាយដែលឯកឧត្តមបានដឹងការពិតពីកម្ពុជា ដូចដែលសុន្ទរកថារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងឱកាសបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដូច្នេះដែរ។ កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។ កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់រួចហើយ ដូច្នេះមិនត្រូវការសង្គ្រាមទៀតឡើយ។ កម្ពុជាបានអរគុណសហគមន៍អន្តរជាតិ ដែលបានគាំទ្រ និងជំរុញឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។
កម្ពុជាចង់ឃើញពលរដ្ឋរបស់ខ្លួនប្រមាណ ២ម៉ឺននាក់ ដែលបានភៀសខ្លួន បានវិលត្រឡប់ទៅលំនៅឋានវិញឆាប់ៗនេះ ហើយកម្ពុជាប្រឆាំងដាច់ខាត និងមិនអាចទទួលយកបាននោះទេ ចំពោះការប្រើប្រាស់កម្លាំងដើម្បីកំណត់បន្ទាត់ព្រំដែន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងបែលហ្ស៊ិក ក៏ដូចជាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល ដោយសង្ឃឹមថាទំនាក់ទំនងនេះ នឹងបន្តរីកចម្រើនជាលំដាប់។
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-បែលហ្ស៊ិក គប្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅ ដើម្បីប្រែក្លាយភាពជាដៃគូរបស់យើងឱ្យកាន់តែទូលំទូលាយ ជាក់ស្តែង និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ចំពោះវិស័យពាណិជ្ជកម្ម កម្ពុជាចង់ឃើញកំណើននៃការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារបែលហ្ស៊ិក ក្នុងនោះមានផលិតផលកសិកម្ម ដូចជា អង្ករក្រអូប ម្រេចកំពត គ្រាប់ស្វាយចន្ទី និងផ្លែឈើកែច្នៃ ជាដើម។ ក្រៅពីនេះ សម្តេចក៏បានស្នើឱ្យបែលហ្ស៊ិក ជំរុញអ្នកវិនិយោគ និងទេសចរមកកាន់កម្ពុជា ព្រមទាំងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យាផងដែរ។
សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់រដ្ឋសភាប្រទេសទាំងពីរ បន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងការផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំនៅគ្រប់កម្រិត មានកម្រិតថ្នាក់ដឹកនាំ កម្រិតគណៈកម្មការជំនាញ កម្រិតក្រុមមិត្តភាពសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។ ភាគីទាំងពីរបានពិភាក្សាគ្នាដោយបើកចំហអំពីបញ្ហាប្រឈមរបស់សកលលោក តម្លៃសន្តិភាព និងសមភាពយេនឌ័រជាដើម។
ឯកឧត្តម ប៊ីណត ឌីស្ប៉ា បានគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ បែលហ្ស៊ិកបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ទាំងវិស័យអប់រំ និងបណ្តុះបណ្តាល។ ឯកឧត្តមមានជំនឿមុតមាំថា កម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


