សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ អញ្ជើញជាអធិបតីភាពបន្តដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកី២០ ក្រោមប្រធានបទ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួមនិងស្ថិរភាពយូរអង្វែង» ដែលមានមេដឹកនាំ និងគណៈប្រតិភូមកពីបណ្តាប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីជាង ៨១ ចូលរួមនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកសារសំខាន់ៗ ចំនួន៣ ដែលត្រូវបានសន្និសីទរដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ បានឯកភាពគ្នាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងត្រូវដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌នមាន និងជាអ្នកនាំពាក្យកិច្ចប្រជុំហ្វ្រង់ហ្វូកូនីលើកទី២០ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកាថា នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ គឺមានឯកសារចំនួន៣ ដែលត្រូវបានសន្និសីទរដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីបានឯកភាពគ្នា ហើយបញ្ជូនមកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកសារទាំងបីរួមមាន៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់ហ្វូកូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍សហគមន៍។ (២) សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់ហ្វូកូនី និង(៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ គឺដោយផ្អែកទៅលើបទពិសោធន៍របស់កម្ពុជាដោយរងការខូចខាតបេតិកភណ្ឌវប្បធម៌ដ៏ធ្ងន់ធ្ងរ។ ជាពិសេសគឺប្រាសាទព្រះវិហារ ប្រាសាទតាក្របីដែលជាប្រាសាទរបស់ខ្មែរក្នុងអំឡុងពេលនៃសកម្មភាពឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ។
ឯកឧត្តមបានបញ្ជាក់ថា ៖ ឯកសារទាំងបីនេះ គឺនឹងដាក់ជូនថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលក្នុងកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ហើយដែលគ្រោងនឹងពិភាក្សាអនុម័តនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ហើយកិច្ចប្រជុំនេះនឹងរំពឹងថានឹងផ្តល់លទ្ធផលសំខាន់ៗមួយចំនួនទី១. សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលមានបីចំណុច គឺឯកសារនេះនឹងក្លាយទៅជាលទ្ធផលនយោបាយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សហគមន៍សហគមន៍ហ្វ្រង់ហ្វូកូនីចំពោះសន្តិភាព វិបុលភាពរួម និងស្ថេរភាពយូរអង្វែង។ ទី២. ការពង្រឹងតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់ហ្វូកូនីនៅក្នុងការការពារសន្តិភាព និងការគាំទ្រការដោះស្រាយវិបត្តិ។ កិច្ចប្រជុំនឹងផ្តល់ឱកាសថ្នាក់ដឹកនាំពិភាក្សាអំពីតួនាទីរបស់របស់អង្គការនៅក្នុងការជម្រុញកិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការគាំទ្រស្ថេរភាពនៅក្នុងសហគមន៍ហ្វ្រង់ហ្វូកូនី។ ទី៣. ការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសលើវិស័យអប់រំ យុវជន ស្ត្រី សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងអភិបាលកិច្ច។ ទី៤. គឺការពង្រឹងស្ថេរភាពស្ថាប័ន OIF តាមរយៈការពិនិត្យវឌ្ឍនភាពនៃកម្មវិធីការងារឆ្នាំ២០២៤-២០២៧ និងការពិចារណាទិសដៅយុទ្ធសាស្ត្របន្ទាប់ និងទី៥. គឺការសម្រេចចិត្តលើការពង្រីកសមាជិកភាព និងការដឹកនាំអង្គការ រួមមានការសម្រេចលើសំណើចូលជាសមាជិក និងការផ្លាស់ប្តូរឋានៈសមាជិក និងការជ្រើសរើសអគ្គលេខាធិការរបស់អង្គការអន្តរជាតិហ្ប្រង់ហ្វូកូនីដែលនឹងត្រូវផុតអាណត្តិ ហើយនឹងត្រូវបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី៕ អត្ថបទៈ វង្ស សុភាព












