ភ្នំពេញ៖ ក្រុមសិល្បការិនីដែលជាបវរកញ្ញាកម្ពុជា បានបង្ហាញក្តីរំភើប និងសេចក្តីសោមនស្សរីករាយជាខ្លាំង ខណៈបានចូលរួមបង្ហាញឈុតស្បៃខ្មែរ ក្នុងពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមសិល្បការិនីបានបញ្ជាក់ថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់ពួកគេ ក្នុងការចូលរួមលើកស្ទួយ និងបង្ហាញពីមោទនភាពជាតិ អត្តសញ្ញាណ វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ភ្ញៀវអន្តរជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)កាលពីរាត្រីម្សិលមិញ។
ក្រុមសិល្បការិនីបានបញ្ជាក់បន្ថែមថា ឈុតដែលពួកគេបានគ្រង គឺជាស្បៃខ្មែរដែលបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណជាតិ និងភាពល្អផូរផង់នៃវប្បធម៌ខ្មែរ នៅចំពោះមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រមាណ ៨១ប្រទេស ក្នុងចំណោមសមាជិកសហគមន៍ហ្វ្រង់កូហ្វូនីចំនួន ៩០ប្រទេស ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។
ក្រុមសិល្បការិនីបានមានប្រសាសន៍ថា៖ «ម៉ូដស្បៃខ្មែរដែលបានគ្រងនៅថ្ងៃនេះ គឺបានដកស្រង់គំនិតច្នៃប្រឌិតចេញពីរចនាបថប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការបង្ហាញពីអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ពិភពលោក។ ជាមួយគ្នានេះ ក្រុមសិល្បការិនីក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបង្ហាញការដឹងគុណចំពោះសុខសន្តិភាព ដែលបានបង្កើតឱកាសឱ្យពួកគេបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដើម្បីរួមគ្នាលើកតម្កើងកិត្យានុភាពជាតិ និងវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ ធូ វិរៈ








