ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចបានយាងដល់ទឹកដីខេត្តសៀមរាប ដើម្បីត្រៀមជាព្រះរាជាធិបតីរួមជាមួយឯកឧត្តមប្រធានាធិបតីបារាំង ម៉ាក្រុង ព្រះក្នុងរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច។
ប្រាសាទមេបុណ្យខាងលិច មហាស្ថាបត្យកម្មកណ្តាលផ្ទៃទឹក ត្រៀមបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមព្រះរាជាធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១។
ពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិចនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណ ប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅលើកោះចំកណ្តាលបារាយណ៍ទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប។ ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅកម្ពុជាផងដែរ។
សូមជម្រាបថា គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលអស់ ១៤ឆ្នាំ។ ការដ្ឋាននេះចំណាយថវិកាសរុបចំនួន ១២លានដុល្លារអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការរវាងភាគីបារាំង (៧លានដុល្លារ) និងអាជ្ញាធរជាតិអប្សរា តំណាងភាគីកម្ពុជា (៥លានដុល្លារ)។
តាមការបញ្ជាក់របស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ការជួសជុលទ្រង់ទ្រាយធំនេះនឹងធ្វើឱ្យប្រាសាទអាចឈររឹងមាំបានយ៉ាងហោចណាស់ពី ៥០ ទៅ ១៥០ឆ្នាំ ទៅមុខទៀត។ ខណៈកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពលី និងបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រះរាជពិធីជាផ្លូវការនេះ។
គួរជម្រាបដែរថា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលព្រះរាជបេសកកម្ម និងវត្តមានថ្នាក់ដឹកនាំកំពូល រដ្ឋបាលខេត្តសៀមរាប បានធ្វើការបញ្ចៀសទិសដៅចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវសំខាន់ៗមួយចំនួននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕

















