នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅអគ្គនាយកដ្ឋានពន្ធដារ មានការរៀបចំកម្មវិធី «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅក្រៅប្រទេស និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា តំណាងវិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងពិធីបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍លើកឡើងពីចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជា និងបារាំង ដែលត្រូវបានកសាងឡើងលើមូលដ្ឋានប្រវត្តិសាស្ត្រ ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ខណៈដែលកម្ពុជាកំពុងស្វាគមន៍សហគមន៍ហ្វ្រង់កូហ្វូនអន្តរជាតិ វេទិកានេះផ្តល់នូវឱកាសដ៏ពិសេសមួយ ដើម្បីពង្រីកទំនាក់ទំនងដ៏រឹងមាំនេះឱ្យក្លាយទៅជាភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ប្រមាណ ១,៧៥ ពាន់លានអឺរ៉ូ ដែលជាតួលេខដ៏គួរឱ្យលើកទឹកចិត្ត ប៉ុន្តែសក្តានុពលនៃកិច្ចសហប្រតិបត្តិការគឺនៅមានទំហំធំធេងជាងនេះទៅទៀត។ ប្រទេសបារាំងមានជំនាញកម្រិតខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាព រីឯកម្ពុជាមានទីតាំងយុទ្ធសាស្ត្រក្នុងការតភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និងមានការប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលកត្តាទាំងនេះអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកំពុងខិតខំកសាងសេដ្ឋកិច្ចមួយដែលមានភាពចម្រុះ ប្រកួតប្រជែង និងមានភាពធន់ជាងមុន ដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ កម្ពុជាបានប្តេជ្ញាផ្តល់នូវបរិយាកាសវិនិយោគដែលបើកចំហ និងអាចព្យាករណ៍បាន តាមរយៈច្បាប់ស្តីពីការវិនិយោគ ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចកាន់កាប់ភាគហ៊ុន ១០០% លើវិស័យភាគច្រើន និងផ្តល់ការលើកទឹកចិត្តប្រកបដោយភាពប្រកួតប្រជែងសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
សូមជំរាបជូនថា វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ កម្ពុជា-បារាំង ព្រមទាំងជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់លើការធ្វើពាណិជ្ជកម្ម ការស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា និងការចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី










