ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដាជួយកៀរគរអ្នកវិនិយោគរបស់កាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំថវិកាប្រមាណ ២ពាន់លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់លោកជំទាវ និងប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបានចាត់ទុកវត្តមានរបស់លោកជំទាវគឺជាការចូលរួមចំណែកដល់ការដំណើរការនៃកិច្ចប្រជុំកំពូលនេះឲ្យទទួលបាននូវភាពជោគជ័យ ហើយជាការផ្ដល់តម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា។
លោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយនិយាយជារួមសម្រាប់ប្រទេសកម្ពុជាដែលបានស្វាគមន៍ចំពោះលោកជំទាវ និងប្រតិភូដោយប្រជាជនពោពេញដោយស្នាមញញឹម។ លោកជំទាវបានលើកឡើងថា បើទោះបីជាប្រទេសទាំង២នៅឆ្ងាយពីគ្នាក៏ពិតមែន ក៏ប៉ុន្តែកាណាដា និងកម្ពុជាមានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា ហើយជាទំនាក់ទំនងដ៏ល្អប្រសើរ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។
លោកជំទាវក៏បានសង្កត់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដែលមានការរីកចម្រើនដែលមកដល់ពេលនេះមានប្រមាណជាង២ពាន់លានដុល្លារដែលជាទំហំពាណិជ្ជកម្មមួយដែលមានការកើនឡើងជាលំដាប់ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះលោកជំទាវក៏បានលើកឡើងទៅកាន់សម្ដេចតេជោដោយធ្វើយ៉ាងណាលោកជំទាវចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងកាណាដា បង្កើតនូវចំណងមិត្តភាពរវាងគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះវីរភាពរបស់សម្ដេចតេជោដែលបានលះបង់ពលីកម្មគ្រប់បែបយ៉ាងដើម្បីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍រហូតដល់ដឹកនាំកម្ពុជាឲ្យមានស្ថេរភាពមានសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន។
សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់លោកជំទាវជាពិសេសការលើកឡើងពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងកាណា ហើយបន្ថែមពីលើនេះសម្ដេចតេជោក៏បានសង្កត់ទៅលើបញ្ហាទាក់ទងទៅនឹងពាណិជ្ជកម្ម ដែលសម្ដេចឯកភាពទាំងស្រុងនៅពេលដែលលោកជំទាវលើកឡើងអំពីទំហំពាណិជ្ជកម្មវាងប្រទេសទាំងពីរមានការកើនឡើងក្នុងទំហំប្រមាណ២ពាន់លានដុល្លារអាមេរិក ដែលទំហំនេះជាទំហំនៃការកើនឡើងជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយសម្ដេចតេជោបានលើកឡើងថា ២ពាន់លានដុល្លារនេះ នៅមិនទាន់គ្រប់គ្រាន់ទេប្រទេសទាំងពីរ គឺត្រូវតែសហការគ្នាបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។ សម្ដេចបានបញ្ជាក់ថាទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការនិយោគគឺជាចំណុចស្នូលនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលទៅស្របគ្នាជាមួយនឹងទំនាក់ទំនងនយោបាយ។
សម្ដេចក៏ស្នើរឲ្យលោកជំទាវជួយគៀងគរអ្នកវិនិយោគរបស់កាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត និងអរគុណចំពោះតួនាទីរបស់កាណាដាដែលបានចូលរួមចំណែកដល់ការស្វែងរកសន្តិភាពរបស់កម្ពុជាកាលពីអតីតកាល ក៏ដូចជាការចូលរួមចំណែកជួយដល់ការអភិវឌ្ឍកម្ពុជា ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងការចូលរួមវិភាគទានជួយដល់សាលាក្តីខ្មែរក្រហមនាពេលកន្លងទៅដែលជាការរួមចំណែកដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោកជំទាវទទួលបានជោគជ័យនៅក្នុងដំណើរអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ដូចជាការស្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបដោយក្តីរីករាយ៕






