អ៊ុយក្រែន៖ យោធាអ៊ុយក្រែននិយាយថា ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៤នាក់ និង ១៥នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារអំឡុងការវាយប្រហារដ៏សន្ធាប់នៅតំបន់ Luhansk និង Donetsk ភាគខាងកើត ជាការផ្ដោតលើការវាយសម្រុករុលទៅមុខចុងក្រោយបំផុតរបស់ទីក្រុង Moscow ក្នុងសង្គ្រាមនៅអ៊ុយក្រែនដែលមានរយៈពេល ៣ខែ។

កងកម្លាំងរុស្ស៊ីបានបើកការវាយលុកពេញបន្ទុក ដើម្បីឡោមព័ទ្ធទាហានអ៊ុយក្រែននៅក្នុងទីក្រុងចំនួន២ លាតសន្ធឹងតាមដងទន្លេមួយនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ជាការវាយប្រយុទ្ធគ្នាដែលអាចកំណត់ពីជ័យជម្នះ ឬបរាជ័យនៃយុទ្ធនាការដ៏ធំរបស់ក្រុង Moscow នៅក្នុងភាគខាងកើត។ អភិបាលតំបន់ Luhansk ភាគខាងកើតរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនៅទីនោះមានសភាពធ្ងន់ធ្ងរគ្រប់ពេលវេលា ខណៈកងទ័ពរុស្ស៊ីដែលកំពុងវាយសម្រុករុលទៅមុខបានដណ្ដើមកាន់កាប់ដែនដីកាន់តែច្រើន និងព្យាយាមកម្ទេចទីក្រុងដ៏សំខាន់នេះទាំងមូល។
លោក Sergiy Gaidai អភិបាលខាងលើបាននិយាយនៅលើបណ្ដាញ Telegram ថា ស្ថានភាពពិតជាធ្ងន់ធ្ងរខ្លាំងណាស់ហើយកាន់តែយ៉ាប់យ៉ឺនទៅ។ វាកាន់តែធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ និងជារៀងរាល់ម៉ោង។ កំពុងមានការទម្លាក់គ្រាប់បែកកាន់តែច្រើនថែមទៀត។ កងទ័ពរុស្ស៊ីបានសម្រេចកម្ទេចទីក្រុង Severodonetsk ទាំងមូល។ កាលពីថ្ងៃអាទិត្យកន្លងទៅ កងកម្លាំងរុស្ស៊ីបានចាប់ផ្ដើមការងារសម្អាតគ្រាប់មីន និងសំណល់សង្គ្រាមពីតំបន់ជុំវិញរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ជាទីដែលមានការវាយប្រហារយ៉ាងខ្លាំងនៅក្នុងជម្លោះដែលនៅតែបន្តជាមួយអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន