ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីយុវជនអាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៧ ពូល នារសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ក្រោយអស់ឱកាសប្រជែងកៅអីវគ្គបន្ដ។
នេះគឺជាជំនួបបង្គ្រប់កិច្ច សម្រាប់ក្រុមគោព្រៃជំទង់ ដែលធ្វើមិនបានល្អនៅ ៣ប្រកួតដំបូង ក្រោយរងបរាជ័យជាបន្ដបន្ទាប់ទល់នឹងក្រុមយុវជនហ្វីលីពីន អាហ្វហ្គានីស្ថាន និងឥណ្ឌូនេស៊ី ។ ទោះបីការប្រកួតនេះគ្មានសម្ពាធក្នុងការយកពិន្ទុឡើងទៅវគ្គបន្ត ប៉ុន្តែវាជាឱកាសចុងក្រោយសម្រាប់យុវជនកម្ពុជា ក្នុងការស្វែងរកជ័យជម្នះលើកដំបូង ក៏ដូចជាបទពិសោធន៍ល្អៗពីការប្រកួតអន្តរជាតិកម្រិតទ្វីបមួយនេះ។
សម្រាប់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំមីយ៉ាន់ម៉ាវិញ ពួកគេកំពុងត្រូវការ ៣ពិន្ទុដាច់ខាតពីការប្រកួតថ្ងៃនេះ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ជាមួយគូប្រជែង ២ក្រុមទៀត គឺអាហ្វហ្គានីស្ថាន និងឥណ្ឌូនេស៊ី ដែលកំពុងមានប្រៀបជាង ៣ពិន្ទុ តែសល់ ២ប្រកួតក្នុងដៃដូចគ្នា។
ចំពោះស្ថានភាពតារាងពូលA បច្ចុប្បន្ន គឺក្រុមយុវជនអាហ្វហ្គានីស្ថាន ឈរកំពូលតារាងមាន ៦ពិន្ទុស្មើឥណ្ឌូនេស៊ី គ្រាដែលមីយ៉ាន់ម៉ា ឈរលេខ៣ មាន ៣ពិន្ទុ។ រីឯហ្វីលីពីន និងកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដជាផ្លូវការ៕ អត្ថបទ លី ឈុនឡា






