ភ្នំពេញ៖ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០, ដោយបញ្ជាក់អះអាងជាថ្មី នូវការប្រកាន់ខ្ជាប់របស់យើងចំពោះគុណតម្លៃរបស់ហ្វ្រង់កូហ្វូនី ជាអាទិ៍ គុណតម្លៃនៃភាពចម្រុះផ្នែកវប្បធម៌និងភាសា នៃកិច្ចសន្ទនា នៃសាមគ្គីភាព នៃសន្តិភាព និងនៃការយោគយល់គ្នាទៅវិញទៅមក។

នេះបើតាមការបញ្ជាក់នៅក្នុង សេចក្តីអំពាវនាវទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានអំពាវនាវលើ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានរំឭកអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវិញ្ញត្តិវប្បធម៌ ព្រមទាំងអនុសាសន៍របស់អង្គការយូណេស្កូអំពីក្រមសីលធម៌នៃបញ្ញាសិប្បនិម្មិត និងអះអាងជាថ្មី អំពីការប្រកាន់ខ្ជាប់របស់យើងចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏បានរំឭកថា បេតិកភណ្ឌវប្បធម៌រូបីនិងអរូបី គឺជាមរតកសកល ដែលពោរពេញដោយការចងចាំ អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ហើយដែលរួមចំណែកដល់កិច្ចសន្ទនារវាងគ្រប់ប្រភេទវប្បធម៌ទាំងអស់ ការបង្រួបបង្រួមសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃគ្រប់ជាតិសាសន៍។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅចំពោះមុខការគំរាមកំហែងដែលកាន់តែមានសន្ទុះកើនឡើងមកលើបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ជាច្រើននៃពិភពលោក ជាពិសេសការបំផ្លិចបំផ្លាញ ការជួញដូរខុសច្បាប់ ផលវិបាកនៃជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយ ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នគរូបនីយកម្មដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងកត្តាផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់ការអភិរក្ស ការលើកតម្លៃ និងការផ្ទេរបេតិកភណ្ឌទៅកាន់ជនជំនាន់ក្រោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានសម្តែងនូវសាមគ្គីភាព ជាមួយបណ្តារដ្ឋដែលកំពុងប្រឈមមុខនឹងស្ថានភាពដែលបេតិកភណ្ឌរបស់ខ្លួនកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ ជាពិសេស ទីតាំងបេតិកភណ្ឌដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ព្រមទាំងជាមួយសហគមន៍ដែលជាអ្នកថែរក្សាបេតិកភណ្ឌទាំងនោះ និងដែលខិតខំប្រឹងប្រែងដើម្បីការពារ អភិរក្ស លើកតម្លៃ និងផ្ទេរបេតិកភណ្ឌទាំងនោះទៅកាន់ជនជំនាន់ក្រោយ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ចូលរួមព្រួយបារម្ភ ចំពោះការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដែលបានធ្វើឱ្យ វិស័យវប្បធម៌ប្រែប្រួលបែបអវិជ្ជមានយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ដោយអាចបង្កឱ្យមានហានិភ័យក្នុងន័យធ្វើឱ្យវប្បធម៌ និងភាសា បាត់បង់នូវភាពចំរុះរបស់ខ្លួន។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានរំឭកអំពីតួនាទីរបស់ហ្វ្រង់កូហ្វូនី ក្នុងការការពារ និងលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ ជាអាទិ៍សកម្មភាពរបស់ហ្វ្រង់កូហ្វូនី ក្នុងការធ្វើឱ្យមាតិកាវប្បធម៌ជាភាសាបារាំងងាយស្រួលរកឃើញ និងដោយយល់ដឹងច្បាស់អំពីផលប៉ះពាល់នៃការវិវត្តបច្ចេកវិទ្យា ទៅលើបេតិកភណ្ឌអរូបី និងភាពច្នៃប្រឌិតរបស់មនុស្ស។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីបានបញ្ជាក់សារជាថ្មី អំពីតួនាទីដ៏សំខាន់របស់អង្គការយូណេស្កូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ ជាពិសេសតាមរយៈការចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាពជាតិ និងការប្រមូលផ្តុំជំនាញវិជ្ជាជីវៈ ដើម្បីបម្រើដល់ការការពារ និងការលើកតម្លៃបេតិកភណ្ឌ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានអំពាវនាវ៖
ក). ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារ អភិរក្ស ជួសជុលនិងស្តារបេតិកភណ្ឌវប្បធម៌ឡើងវិញ។
ខ). ឱ្យមានការគាំទ្រដល់គ្រប់បណ្តារដ្ឋដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលគំរាមកំហែងដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។
គ). ឱ្យមានការលើកកម្ពស់ការផ្ទេរចំណេះដឹង ប្រពៃណី និងបេតិកភណ្ឌអរូបីទៅកាន់យុវជនជំនាន់ក្រោយ ដោយលើកទឹកចិត្តឱ្យយុវជនក្លាយជាតួអង្គដែលចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌទាំងនេះ។
ឃ). ឱ្យមានការលើកទឹកចិត្តដល់ការដោះដូរទៅវិញទៅមកនូវជំនាញ នូវការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើឌីជីថលភាវូបនីយកម្មនៃបេតិកភណ្ឌ និងក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវប្បធម៌ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការចងក្រងឯកសារ ការអភិរក្សនិងលើកតម្លៃបេតិកភណ្ឌ ដោយគោរព ភាពចំរុះវប្បធម៌និងកម្មសិទ្ធិបញ្ញា។
ង). ឱ្យមានការលើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ជាអាទិ៍តាមរយៈការគាំទ្រសហគ្រាសទើបបង្កើតថ្មី ប្រកបដោយនវានុវត្តន៍ក្នុងវិស័យវប្បធម៌និងសេដ្ឋកិច្ចច្នៃប្រឌិត ឱ្យទៅជាមធ្យោបាយជំរុញកិច្ចសន្ទនា ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ច). ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ រួមទាំងវត្ថុបុរាណ ព្រមទាំងដើម្បីជំរុញការបញ្ជូនត្រឡប់ ឬការប្រគល់ជូនប្រទេសដើមវិញ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិនានាដែលអាចអនុវត្តបាន ជាអាទិ៍តាមរយៈកិច្ចសន្ទនា និងកិច្ចព្រមព្រៀងរវាងរដ្ឋពាក់ព័ន្ធ។
ឆ). ឱ្យមានការពង្រឹងសមត្ថភាពជាតិក្នុងការបង្ការ ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបចំពោះការគំរាមកំហែងដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ ជាអាទិ៍ក្នុងអំឡុងពេលមានវិបត្តិ គ្រោះមហន្តរាយ ឬជម្លោះ។
ជាចុងក្រោយ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញបានបញ្ជាក់ជាថ្មីថា ការការពារ និងការលើកតម្លៃបេតិកភណ្ឌវប្បធម៌ ការលើកកម្ពស់ភាពចម្រុះផ្នែកវប្បធម៌និងភាសា កិច្ចសន្ទនារវាងប្រជាជននិងប្រជាជន ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់សន្តិភាព សម្រាប់ការយោគយល់គ្នាទៅវិញទៅមក សម្រាប់ស្ថិរភាពនិងវិបុលភាពសង្គម ព្រមទាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី និងនៅទូទាំងពិភពលោក៕





