ក្រសួងអប់រំ យុវជន និងកីឡា នឹងមិនមានការរៀបចំការប្រកួតកីឡាជាតិ នាឆ្នាំ២០២៨ នោះទេ ប៉ុន្ដែនឹងត្រូវផ្ដោតលើការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ វិញ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដោយជោគជ័យកាលពីថ្មីៗ។
ជាការពិតរៀងរាល់ ២ឆ្នាំម្ដង រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ និងមន្ទីរគ្រប់រាជធានី-ខេត្ត ក៏ដូចជាក្រសួង និងភាគីពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ក្នុងគោលបំណងពង្រឹងសមត្ថភាព បច្ចេកទេស ដល់មន្ដ្រី គ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនី ឆ្ពោះទៅរកការប្រកួតអន្ដរជាតិនានា។
បន្ទាប់ពីឆ្នាំ២០២៦ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ នឹងត្រូវរៀបចំបន្ទាប់នៅ ២ឆ្នាំក្រោយ តែដោយសារឆ្នាំ២០២៨ កម្ពុជាត្រូវទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ដែលជាការប្រកួតក្របខណ្ឌនិស្សិតប្រចាំតំបន់ ក្រសួងអប់រំនឹងលើកការប្រកួតកីឡាជាតិដ៏ធំប្រចាំប្រទេសទៅរៀបចំនាឆ្នាំ២០៣០ ហើយផ្ដោតសំខាន់លើការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឲ្យបានល្អប្រសើរ។
គួរដឹងថា ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ដែលទើបបិទបញ្ចប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗចំនួន ៣ ជាប់ៗគ្នារបស់កម្ពុជា ដើម្បីបង្កើនសមត្ថភាពមន្ត្រីបច្ចេកទេស និងអត្តពលិក រួមមានការត្រៀមធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨, ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១៕ អត្ថបទ លី ឈុនឡា




