រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងមានចេតនាបន្ធូរល្បឿនក្នុងសង្គ្រាមនៅអ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលជម្លៀសចេញ ខណៈមន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបបាននិយាយថា ទីក្រុង Moscow មិន "ប្រញាប់ប្រញាល់ដេញតាមកាលកំណត់" នៅក្នុងសង្គ្រាមដែលមានអាយុកាលបីខែនោះទេ។

ការអត្ថាធិប្បាយនានាបង្ហាញថា រុស្ស៊ីមិនរូតរះបញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗនោះទេ ខណៈខ្លួនព្យាយាមលុបបំបាត់នូវការចាប់អារម្មណ៍ណាមួយដែលថា ប្រតិបត្តិការយោធាពិសេសអូសពេលវេលា និងចំណាយច្រើនបានជាប់គាំង។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចំអកការអត្ថាធិប្បាយនេះថា ជាការកុហកគួរឲ្យអាណិតដែលត្រូវបានប្រឌិតឡើង ដើម្បីលាក់បាំងយុទ្ធនាការខាតបង់ដ៏ធំរបស់ខ្លួន។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា រុស្ស៊ីបានបាត់បង់សន្ទុះ បន្ទាប់ពីពើបប្រទះនឹងការតស៊ូដ៏ខ្លាំងក្លារបស់អ៊ុយក្រែន និងខាតបង់យ៉ាងច្រើនក្រាស់ក្រែលទាំងកម្លាំង ទាំងគ្រឿងយុទ្ធោបករណ៍។
លោក Shoigu បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃទី៩០ នៃសង្គ្រាមថា បទឈប់បាញ់កំពុងត្រូវបានប្រកាស ហើយច្រករបៀងមនុស្សធម៌កំពុងត្រូវបានបង្កើតឡើង ដើម្បីនាំមនុស្សចេញពីការតាំងទីលំនៅដែលកងកម្លាំងរុស្ស៊ីឡោមព័ទ្ធ៕
អត្ថបទ៖ សុខមាន