បាល់ទាត់៖ អ្នកចាត់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានបោះឆ្នោតជាអ្នកចាត់ការឆ្នើមបំផុតប្រចាំឆ្នាំរបស់ LMA បើទោះជា Liverpool មិនឈ្នះពាន English Premier League ក៏ដោយ។ LMA គឺ League Manager Association ដែលមានន័យថា សមាគមអ្នកចាត់ការក្នុងលីគបាល់ទាត់នៅអង់គ្លេស។
បុរសសញ្ជាតិអាល្លឺម៉ង់វ័យ ៥៤ឆ្នាំរូបនេះបានទទួលពានដែលប្រសិទ្ធនាមថា Sir Alex Ferguson Trophy ក្នុងនាមជាអ្នកចាត់ការឆ្នើមបំផុតដែលទទួលសំឡេងគាំទ្រពីការបោះឆ្នោត ដោយអ្នកចាត់ការក្លិបបាល់ទាត់នៅក្របខណ្ឌលីគគ្រប់កម្រិតទាំងអស់នៅអង់គ្លេស។ លោក Jurgen Klopp ក៏ជាម្ចាស់ពានអ្នកចាត់ការឆ្នើមបំផុតប្រចាំឆ្នាំរបស់ Premier League ផងដែរ បើទោះជាមិនឈ្នះពាន English Premier League ក៏ដោយ។
លោក Jurgen Klopp បានដឹកនាំ Liverpool ជាជើងឯករង English Premier League រដូវកាលនេះដោយចាញ់ក្រុមជើងឯក Manchester City តែមួយពិន្ទុប៉ុណ្ណោះ ប៉ុន្តែ Liverpool បានឈ្នះពានក្នុងស្រុកពីរគឺ League Cup និង FA Cup ក៏ដូចជាឈានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដែលនឹងត្រូវជួបជាមួយ Real Madrid ចុងខែនេះ៕
អត្ថបទ៖នាង សុភាវុធ