(ព្រុចសែល, បែលហ្ស៊ិក)៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាន Residence Palace ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបសន្ទនាជាមួយលោកស្រី កាយ៉ា កាឡាស (Kaja Kallas) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរួម និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ក្នុងឱកាសចូលរួមពិធីបើកសន្និសីទស្តីពីសកម្មភាពមីននៅអ៊ុយក្រែន ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុប ក្នុងបេសកកម្មរួម ដើម្បីជួយសម្រាលទុក្ខវេទនា និងការឈឺចាប់របស់ប្រជាជនដែលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាយល់យ៉ាងច្បាស់អំពីទុក្ខវេទនា និងផលវិបាកធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រោះថ្នាក់ទាំងនេះ ដោយសារកម្ពុជាធ្លាប់ជាប្រទេសរងគ្រោះ និងបានឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់អស់រយៈពេលជាច្រើនទសវត្សរ៍។ ដោយផ្អែកលើបទពិសោធន៍នេះ កម្ពុជាមានឆន្ទៈក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ។






