ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ នឹងចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិ ដើម្បីស្វែងរកបេក្ខភាព ៤ក្រុមឡើងបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
វគ្គជម្រុះថ្នាក់ជាតិ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន គឺមាន ៨ក្រុមចូលរួម ក្នុងនោះមានបេក្ខភាពពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ៣ក្រុម រួមមានក្រុមបាល់ដំបងយូណាយធីត, ខេត្តកោះកុង និងសមាគមបាល់ទាត់ខេត្តព្រះសីហនុ គ្រាដែល ៥ក្រុមទៀត ជាសមាជិកលីគទី២ កម្ពុជា ឆ្នាំ២០២៦/២៧ គឺមានក្រុមឡាយអ៊ិនឃីង, ក្រុមសៀមរាបយូណាយធីត, ភ្នំពេញស៊ីធី, ឈើតុំខេត្តពោធិ៍សាត់ និងក្រុមកណ្ដាលយូណាយធីត។
សម្រាប់កម្មវិធីប្រកួតស្វែងរកក្រុមឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនេះ នឹងចាប់ផ្ដើមការប្រកួតជើងទី១ នៅថ្ងៃពុធនេះ ក្នុងនោះខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវកណ្ដាលយូណាយធីត នៅទីលានអនុវិទ្យាល័យសម្ដេចឪ និងក្រុមបាល់ទាត់ខេត្តកោះកុង ត្រូវជួបក្រុមឡាយអ៊ិនឃីង នៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេក តេជោ សែន។ រីឯនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមបាត់ដំបងយូណៃធីត នឹងត្រូវជួបក្រុមសៀមរាបយូណាយធីត នៅទីលានសាកលវិទ្យាល័យបាត់ដំបង និងក្រុមឈើតុំពោធិ៍សាត់ ត្រូវជួបក្រុមភ្នំពេញស៊ីធី នៅកីឡដ្ឋានឈើតុំ។
ក្រោយបញ្ចប់ការប្រកួតនេះ ការប្រកួតនីមួយៗ នឹងត្រូវផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីធ្វើការប្រកួតកាត់សេចក្ដីនៅជើងទី២ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២ និងថ្ងៃទី៣ ខែធ្នូខាងមុខ ដើម្បីកំណត់ក្រុមឈ្នះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយតែម្ដង។
គួរដឹងថា បច្ចុប្បន្នក្រុមឈរចាំនៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្្នាក់ជាតិ គឺមាន ១២ក្រុម ក្នុងនោះមានសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និង ១ក្រុមទៀត គឺសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដែលទើបគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) កាលពីថ្មីៗ៕ អត្ថបទ លី ឈុនឡា
