ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ី អាយុក្រោម ១៧ឆ្នាំ AFC U17 Asian Cup 2027 របស់ខ្លួនជាផ្លូវការហើយ ដោយរកបាន ១ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ១-១ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៧ កន្លងទៅ។

នៅក្នុងជំនួបបញ្ចប់ពូលA នេះ ប្រធានក្រុម ពៅ ប៊ូទី បានទាត់បាល់ហ្វ្រីឃីកបញ្ចប់ទីយ៉ាងល្អជួយឲ្យក្រុមគោព្រៃជំទង់កម្ពុជា នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទីទី១។ ប៉ុន្ដែឱកាសទទួលបានជ័យជម្នះលើកដំបូងនេះ ត្រូវបានខកខានវិញ បន្ទាប់ពីកីឡាករ Aung Myat Thar បានតែតបញ្ចូលទីគ្រាប់តាមស្មើឲ្យមីយ៉ាន់ម៉ា នៅនាទី៩០។
នេះគឺជា ១ពិន្ទុគត់ ដែលក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា រកបានពីយុទ្ធនាការប្រកួតជម្រុះពានរង្វាន់យុវជនប្រចាំទ្វីបនេះ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតស្មើ១ និងចាញ់៣ គ្រាដែលមីយ៉ាន់ម៉ា ក៏អស់ឱកាសឡើងវគ្គបន្ដដូចគ្នា ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ហើយពួកគេសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមកំពូលតារាងឥណ្ឌូនេស៊ី នាថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។
យ៉ាងណាមិញពេលនេះ សម្រាប់ពូលA ក៏បានរកឃើញក្រុមឡើងទៅវគ្គបន្ដផងដែរ គឺក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំឥណ្ឌូនេស៊ី បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ៣ប្រកួតជាប់គ្នា ពិសេសជ័យជម្នះចុងក្រោយលើក្រុមជម្រើសជាតិយុវជនអាហ្វហ្គានីស្ថាន ដោយលទ្ធផល ៤-០ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ដែលធ្វើឲ្យប្រកួតសេសសល់ក្នុងពូលត្រឹមជាជំនួបបង្គ្រប់កិច្ចប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា









