ប្រជាពលរដ្ឋខ្មែរ និងយុវជន រស់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ BTV នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពួកគាត់ជឿជាក់ ថាសារពីការអភិវឌ្ឍ សុខសុវត្ថិភាព កត្តាអំណោយផល ការវិនិយោគ និងសក្កានុពល ធនធានមនុស្សរបស់កម្ពុជា ពិតជាបានដឹងលឺទៅដល់សហគមន៍អន្តរជាតិ តាមរយៈវត្តមានថ្នាក់ដឹកនាំបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគ ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជា។

លើសពីនេះ ពលរដ្ឋ បង្ហាញមោទនភាព ដែលកម្ពុជាអាចបង្ហាញកិត្យានុភាពលើឆាកអន្ដរជាតិ និងអាចកៀគរការវិនិយោគបន្ថែមលើ វិស័យអប់រំ សុខាភិបាល ការពារជាតិ និងវិស័យផ្សេងៗសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។
អ្នកស្រី ស៊ូ ហៀង ពលរដ្ឋរស់នៅភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំឃើញយើងរៀបចំប្រជុំទទួលភ្ញៀវបរទេសមកច្រើន ខ្ញុំត្រេកអរណាស់។ ហើយខ្ញុំរឹតតែត្រេកអរពេលឃើញប្រធានាធិបតី បារាំង និងភរិយាគាត់ ដឹកនាំដៃគ្នាដើរមាត់ទន្លេ។ ខ្ញុំយល់ ថា រូបភាពរបស់គាត់នឹងត្រូវផ្សាយពាស់ពេញពិភពលោកហើយ។ ហើយរូបនេះ គឺបង្ហាញពីសុវត្ថិភាពនៅកម្ពុជា ដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍មកច្រើនទៅថ្ងៃមុខ»។

អ្នកស្រី វណ្ណា ពលរដ្ឋរស់នៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំមានមោទនភាពណាស់ ចំពោះថ្នាក់ដឹកនាំដែលលោកខិតខំកៀគរភ្ញៀវអន្ដរជាតិមកកម្ពុជា។ យើងធ្វើជាម្ចាស់ផ្ទះបានព្រោះគេជឿទុកចិត្តយើង ថា យើងមានសមត្ថភាពទទួលគេ ការពារគេ បានគេមក។ នេះបើស្រុកយើងគ្មានសុវត្ថិភាពគ្មានអ្នកណាគេមកទេ។ អញ្ចឹងបានខ្ញុំថា ថ្នាក់ដឹកនាំយើងលោកខំណាស់ដើម្បីអភិវឌ្ឍជាតិផង ហើយធ្វើឱ្យអន្ដរជាតិគេស្គាល់យើងកាន់តែទូលំទូលាយទៀត។

អ្នកស្រី គឹម ចាន់ធារី ពលរដ្ឋរស់នៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំថ្ងៃចាប់ផ្ដើមបើកភូមិហ្រ្វង់កូហ្វូនីខ្ញុំបានទៅមើលដែរ ឃើញថា មនុស្សច្រើនណាស់ ហើយចម្រុះជាតិសាសន៍។ ខ្ញុំសប្បាយចិត្តពេលមានកម្មវិធីធំៗបែបនេះ ព្រោះយើងអាចលក់ផលិតផលរបស់យើង ផ្សាយដល់អន្ដរជាតិឱ្យគេស្គាល់។ ហើយអ្វីដែលខ្ញុំពេញចិត្តបំផុតគឺការគាំទ្ររបស់បារាំងលើថ្នាក់ភាសាបារាំងនៅសាលារដ្ឋពីថ្នាក់បឋមទៅ។ ខ្ញុំឃើញថានេះគឺជាកិច្ចខិតខំរបស់រដ្ឋយើង ក្នុងការទាញយកផលប្រយោជន៍ដើម្បីកូនខ្មែរ។ ហើយខ្ញុំជឿថា មិនមែនមានតែវិស័យអប់រំមួយទេ ដែលទទួលបានផលពីកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី វិស័យច្រើនទៀតក៏ប្រាកដជាទទួលផលដូចគ្នា។ ហើយផលទាំងអស់នោះគឺនឹងបានដល់ដៃពលរដ្ឋយើង ពិសេសយុវជន ជំនាន់ក្រោយ»។

កញ្ញា គឹម ហៀង ពលរដ្ឋរស់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ «ខ្ញុំត្រេកអរខ្លាំងណាស់បង ពីព្រោះប្រទេសយើងត្រូវបានអន្ដរជាតិស្គាល់ទូលំទូលាយ។ ហើយតាមរយៈកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនេះ ខ្ញុំជឿថា យុវជនយើងនឹងប្រឹងសិក្សាភាសាបរទេស មិនថា បារាំង អង់គ្លេស ចិន ឬភាសាផ្សេងៗទៀតទេ ពីព្រោះការចេះភាសាលើសពីមួយ គឺជាការរួមចំណែកសំខាន់ក្នុងការទាក់ទាញក្រុមអ្នកវិនិយោគ។ សម្រាប់ខ្ញុំប្ដេជ្ញានឹងខិតខំសិក្សា ពង្រឹងសមត្ថភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍជាតិឱ្យរីកចម្រើនឆ្ពោះទៅឆ្នាំ២០៣០ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ»។
ចំណែកជនជាតិបារាំង ដែលបានមកលេងកម្ពុជា និងបានចូលរួមក្នុងព្រឹត្តិការណ៍ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីដែរនោះ ប្រាប់ថា កម្ពុជាទទួលបដិសណ្ឋារកិច្ចបានយ៉ាងល្អសម្រាប់គណៈប្រតិភូអន្ដរជាតិ។ ហើយនេះគឺជាឱកាសរបស់កម្ពុជា ដែលបង្ហាញទៅកាន់ពិភពលោក ពីការអភិវឌ្ឍរីកចម្រើន សុខសុវត្ថិភាព អត្តសញ្ញាណវប្បធម៌ និងសក្កានុពលដ៏សម្បូរបែបនៅកម្ពុជា។

លោក Matheiu Holweg ភ្ញៀវបរទេសជនជាតិបារាំង ៖«ការផ្សព្វផ្សាយព្រឹត្តិការណ៍ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនេះ គឺជាការរៀបចំល្អមែនទែន ពីព្រោះជាការទាក់ទាញក្រុមអ្នកទេសចរ។ ប្រទេសកម្ពុជា សម្រាប់ខ្ញុំ គឺជាមាស ខ្ញុំចង់ឱ្យពលរដ្ឋនៅតំបន់អឺរ៉ុប ស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរ ពិសេសគឺអង្គរវត្ត។ ហើយខ្ញុំមកកម្ពុជាច្រើនលើកហើយ ខ្ញុំឃើញថា ស្រុកខ្មែរអភិវឌ្ឍល្អឡើងជាប្រចាំ។ ហើយខ្ញុំមានទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Destination Cambodge ខ្ញុំបានចែករំលែកពីផែនទី ការតភ្ជាប់ជើងហោះហើរ ដើម្បីមកដល់កម្ពុជា។ ខ្ញុំចង់ឱ្យបរទេសផ្សេងៗទៀត បានស្គាល់កម្ពុជាដូចខ្ញុំដែរ ព្រោះខ្ញុំជឿថា ពេលពួកគេមកដល់ស្រុកខ្មែរ ពួកគេនឹងស្រឡាញ់ស្រុកខ្មែរ ចង់នៅស្រុកខ្មែរ។ ខ្ញុំនឹងភរិយា គឺសម្រេចចិត្តថា សាកល្បងរស់នៅស្រុកខ្មែររយៈពេលមួយឆ្នាំ ចាប់ពីចុងឆ្នាំ២០២៦នេះ។
សូមរំឭកជូនថា កម្ពុជា បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៨១ប្រទេស ក្នុងចំណោមសមាជិក ៩០ប្រទេស នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បានចូលរួម ខណៈអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ចំនួន ១,៥០០នាក់ មកពី ៣០៨ស្ថាប័ន អង្គភាព នៃប្រទេសចំនួន ៤២បានចូលរួមយកព័ត៌មាន។ បើទោះបីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះបានបិទបញ្ចប់ហើយក្ដី ប៉ុន្ដែផលប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិនឹងផ្ដល់ផលមកកម្ពុជាជាបន្តបន្ទាប់រយៈពេលវែង៕ អត្ថបទ៖ លៀ ស៊ីណា
