បាល់ទាត់៖ អ្នកចាត់ការក្រុមជំរើសជាតិអង់គ្លេសលោក Gareth Southgate បានកោះហៅកីឡាករថ្មីពីររូបត្រៀមការប្រកួតក្របខណ្ឌ UEFA Nations League ដើមខែក្រោយនេះ។ ខ្សែប្រយុទ្ធក្រុមញញួរធំ West Ham, Jarrod Bowen ត្រូវបានកោះហៅជាលើកដំបូងក្រោយរដូវកាលជោគជ័យជាមួយ West Ham ដែលរកបានដល់ទៅ ១៨គ្រាប់ និង ១៣បាល់បញ្ជូន។
កីឡាករវ័យ ២៥ឆ្នាំរូបនេះក៏ធ្លាប់ជាជម្រើសរបស់អង់គ្លេសដែលកាលពីខែមីនាកន្លងទៅ តែក្រោយមកក៏ត្រូវបានដកឈ្មោះចេញវិញដោយសាររបួសបែកឆ្អឹងប្រអប់ជើង។ ជាមួយគ្នានោះដែរខ្សែការពារស្តាំ Leicester City, James Justin ក៏ត្រូវបានកោះហៅជាលើកដំបូងដែរស្របពេលដែល Fikayo Tomori ក៏ត្រូវបានកោះហៅម្តងទៀតដែរក្រោយជួយ AC Milan លើកពាន Serie A។ ចំណែកឯខ្សែបម្រើ Leeds United, Kalvin Phillips និងខ្សែការពារ Newcastle, Kieran Trippier ក៏បានត្រលប់មកវិញដែរក្រោយជាពីរបួស។
សូមបញ្ជាក់ថា ក្រុមជំរើសជាតិអង់គ្លេសនឹងត្រូវជួបជាមួយហុងគ្រីនៅថ្ងៃទី៤ ខែមិថុនាខាងមុខនៅទីក្រុង Budapest មុនបន្តដំណើរទៅទឹកដីអាល្លឺម៉ង់នៅថ្ងៃទី៧ ទើបត្រលប់មកជួបអ៊ីតាលីថ្ងៃទី១១ និងថ្ងៃទី១៤ ជួបហុងគ្រីនៅកីឡដ្ឋាន Wembley ពីរប្រកួតជាប់គ្នា៕
អត្ថបទ៖នាង សុភាវុធ