សង្គមស៊ីវិល បានបង្ហាញសុទិដ្ឋនិយមថា ការអំពាវនាវរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនី គឺជាការជំរុញភាគីកម្ពុជានិងថៃ ឱ្យមកកាន់តុចរចាដោះសាយបញ្ហាព្រំដែនដើម្បីកុំឲ្យមានភាពតានតឹង និងជាពិសេសដើម្បីឲ្យប្រជាពលរដ្ឋបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរប់ខ្លួនវិញ ។
លោក រិន សុភក្តិ ប្រធានសមាគមយុវជនអ្នកបន្តវេនបានថ្លែងថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្ហាញទៅកាន់អន្តរជាតិ ថាកម្ពុជាមាននីតិរដ្ឋ កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាស្រឡាញ់សន្តិភាព និងមិនទៅបំពានប្រទេសណាមួយនោះទេ។ ដោយនៅក្នុងកិច្ចប្រជុំនេះកម្ពុជាបានលើកឡើងអំពីបញ្ហាថៃឈ្លានពានមកលើកម្ពុជាដើម្បីឲ្យប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនីបានដឹងការពិត ហើយជាពិសេសថៃមិនគោរពច្បាប់អន្តរជាតិ មិនគោរពបទឈប់បាញ់។
ប្រធានសមាគមយុវជនអ្នកបន្តវេនបានបញ្ជាក់ថា “នៅក្នុងកិច្ចប្រជុំអន្តរជាតិនេះដែរ គឺកម្ពុជាលើក ឡើងនៅបញ្ហាដែលកំពុងតែកើតមានឡើងជាក់ស្តែងនៅព្រំដែនកម្ពុជា ថៃ ដែលប៉ះទង្គិចគ្នាពីរលើកនៅឆ្នាំ២០២៥ គឺបង្ហាញនៅអ្វីដែលជាតថភាពពិតប្រាកដចំពោះប្រទេសថៃដែលបានឈ្លានពានមកលើកម្ពុជា ថៃមិនគោរពច្បាប់អន្តរជាតិ មិនគោរពអនុសញ្ញា រំលោភសេចក្ដីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ដែលមានប្រធានអាស៊ានជាសាក្សី មានលោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានចូលរួមបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរកន្លងទៅនេះ និងបន្តឈ្លានពានទឹកដីកម្ពុជា គឺកម្ពុជាបានលើកបញ្ហានេះឡើងដើម្បីឲ្យបណ្តាប្រទេស និងអង្គការអន្តរជាតិពិនិត្យ និងជំរុញឲ្យភាគីថៃបញ្ឈប់នៅការឈ្លានពាន គោរពច្បាប់អន្តរជាតិ គោរពសេចក្តីថ្លែងការណ៍រួម គោរពអនុសញ្ញាផ្សេងៗពាក់ព័ន្ធ ដើម្បីឲ្យប្រទេសទាំងពីរចុះវាស់វែងព្រំដែនកម្ពុជា ថៃ ឲ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាព្រំដែនសមុទ្រ ពោលគឺដើម្បីឲ្យប្រទេសទាំងពីរមានព្រំដែនច្បាស់លាស់ប្រាកដ និងប្រែក្លាយព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍បន្តទៀត”។
លោក ហេង ម៉េងលី ប្រធានសមាគមលើកស្ទួយកសិករ បានថ្លែងថា ក្នុងកិច្ចកំពូលប្រជុំអាស៊ាន-អាមេរិក នៅហ្វីលីពីន ឯកឧត្តម ដូណាល់ ជេ. ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានរំលឹកឡើងវិញអំពីជម្លោះ កម្ពុជា-ថៃ និងជំរុញឱ្យមានការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ការណ៍នេះ បញ្ជាក់ថា សហរដ្ឋអេមេរិក នៅតែបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសកម្មភាពនៃការអនុវត្តរបស់ភាគីទាំងពីរ កម្ពុជា-ថៃ។
លោក ហេង ម៉េងលី បានបញ្ជាក់ថា “ភាគីថៃត្រូវតែបញ្ឈប់ការគេចវេសពីយន្តការដោះស្រាយតាមសន្តិវិធី ក្នុងការវាស់វែងកំណត់ដែនសីមាព្រំដែន គ្រប់ជ្រុងជ្រោយស្របតាមខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាដាច់ខាត”។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំហ្វ្រង់ហ្វូកូនីលើកទី២០ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ និងបានបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជន ដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំជាពិសេសប្រជាជនកម្ពុជា៕អត្ថបទ៖ វង្ស សុភាព







