ភ្នំពេញ៖ នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានដឹកនាំគណៈប្រតិភូរួមមាន ឯកឧត្តម អ៊ីង ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី និងមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចូលរួមសម័យប្រជុំលើកទី៧ នៃវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
វេទិកានេះធ្វើឡើង ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី និងមានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីតំណាងប្រទេសចំនួន៣១។វេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាវេទិកាសកលដ៏សំខាន់ដើម្បីវាយតម្លៃ និងពិភាក្សាអំពីវឌ្ឍនភាពលើការអនុវត្តក្របខ័ណ្ឌ សេនដាយ (Sendai) សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ព្រឹត្តិការណ៍នេះ ធ្វើជាសហប្រធានដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងអង្គការសហប្រជាជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR)។



