ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Port FC របស់ថៃ ក្នុងពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2026/27 នាវេលាម៉ោង ៧យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតនេះ ។ ទោះបីលទ្ធផល មិនទាន់អាចកំណត់កៅអីវគ្គបន្ដ តែលោកថា ការប្រជែង ៣ពិន្ទុពិតជាសំខាន់ ជាពិសេសក្នុងនាមក្លិបលេងតំណាងឲ្យកម្ពុជា និងប្រជាជន នឹងប្ដេជ្ញាធ្វើឲ្យបានល្អ ដើម្បីទទួលបានជ័យជម្នះ។

បន្ថែមលើនេះ ប្រធានក្រុម សឿយ វិសាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងការប្រកួត និងស្វែងរកជ័យជម្នះលើទឹកដីរបស់ខ្លួន ដោយប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតនេះ ដើម្បីកសាងនូវប្រវត្តិសាស្ដ្រថ្មីជូនក្លិប និងអ្នកគាំទ្របាល់ទាត់កម្ពុជា។

ដោយឡែកលោក Bozidar Bandovic គ្រូបង្វឹកក្រុម Port FC វិញ ចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមល្អ និងអាចបង្កផលលំបាកសម្រាប់ក្រុមខ្លួន តែលោកនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ។ ជាំមួយគ្នាលោកក៏បានសម្ដែងក្ដីរីករាយក្នុងដំណើរមកកាន់ប្រទេសកម្ពុជា និងការស្វាគមន៍ដ៏កក់ក្ដៅ ហើយបានសរសើរពីភាពស្រស់ស្អាត នៃពហុកីឡដ្ឋានជាតិមរតកតេជោទៀតផង។
សូមបញ្ជាក់ថា នេះគឺជាការប្រកួតទី២ ក្នុងពូលB របស់ក្រុមទាំងពីរ បន្ទាប់ពីបើកឆាករងបរាជ័យរៀងៗខ្លួន។ ក្នុងយុទ្ធនាការនេះដែរ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូលB ជាមួយក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Shan United របស់មីយ៉ាន់ម៉ា, ក្លិប Lion City Sailors របស់សិង្ហបុរី និងក្លិប Port FC ដោយត្រូវធ្វើការប្រកួត ១ជុំ ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុមឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា
