ប្រជាពលរដ្ឋកាន់តែរួសរាន់ក្នុងការទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ខណៈដំណើរការពិនិត្យឈ្មោះនឹងបញ្ចប់នៅចុងខែនេះ។
ស្របពេលដែលដំណើរការ នៃការពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៦ នឹងត្រូវបិទបញ្ចប់នៅចុងខែវិច្ឆិកានេះ បងប្អូនប្រជាពលរដ្ឋ ក៏បន្តរុះរាន់ក្នុងការអញ្ជើញទៅចុះឈ្មោះ និងធ្វើជីវមាត្រជាថ្មីឡើងវិញ ដើម្បីផ្ទៀងផ្ទាត់ និងទិន្នន័យបញ្ជីឈ្មោះរបស់ខ្លួនឲ្យបានត្រឹមត្រូវរួចរាល់ ត្រៀមសម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ខាងមុខ។
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋបាលសង្កាត់វាលវង់ ខណ្ឌ៧មករា មន្ត្រីគណៈកម្មការថ្នាក់សង្កាត់ បានបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់ការបំពេញនីតិវិធីជូនពលរដ្ឋ ប្រកបដោយភាពស្និទ្ធិស្នាល និងលឿនរហ័ស ពុំចំណាយពេលយូរនោះឡើយ ដោយពលរដ្ឋគ្រាន់តែភ្ជាប់អត្តសញ្ញាណបណ្ណមួយសន្លឹក អង្គុយរងចាំក្រុមការងារបំពេញនីតិវិធីមួយភ្លេត រួចថតរូប និងស្គេនក្រយ៉ៅដៃជាថ្មីឡើងវិញ ជាការស្រេច ។
ពលរដ្ឋ យល់ច្បាស់ពីតម្លៃ និងសារៈប្រយោជន៍ នៃការពិនិត្យបញ្ជីឈ្មោះ ពិសេសការត្រៀមលក្ខណៈឲ្យបានរួចរាល់ពេញលេញពីចម្ងាយឲ្យហើយ ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបន្តវេននៅថ្នាក់មូលដ្ឋាន ក៏ដូចជា ការជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបន្តដឹកនាំមាគ៌ាប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍន៍ ។
គួរជម្រាបថា ដំណើរការ នៃការចុះឈ្មោះ និងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ បានចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានរយៈពេល ៥៥ថ្ងៃ៕ អត្ថបទ៖ លីហេង







