ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ក្រោយបំបាក់ក្រុម Port FC របស់ថៃ ដោយលទ្ធផល ៤-១ ក្នុងពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍(ASEAN Club Championship Shopee Cup 2026/27 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ក្រោយចប់ការប្រកួតលោក Bozidar Bandovic គ្រូបង្វឹកក្រុមថៃ Port FC បានសរសើរ និងទទួលស្គាល់ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ពិតជាខ្លាំង និងធ្វើបានល្អជាងក្រុមខ្លួន។ ទោះបីវាការប្រកួតដ៏អាក្រក់សម្រាប់ក្រុមខ្លួន តែគ្រូបង្វឹកសញ្ជាតិម៉ុងតេណេហ្គ្រោរូបនេះថា គ្មានហេតុផលត្រូវប្រកែក ចំពោះការបរាជ័យនេះឡើយ ហើយបានអបអរសាទរក្រុមតំណាងកម្ពុជា ដែលទទួលបានជ័យជម្នះទៀតផង។
ដោយឡែកលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងវិញថា លោកដឹងច្បាស់ពីគូប្រជែងត្រូវជួប ។ អ្វីដែលសំខាន់ គឺការលើកមុខមាត់ក្រុម ហើយក៏បានសរសើរកូនក្រុម ធ្វើបានយ៉ាងល្អ ពិសេសនៅ ៤៥នាទីដំបូង ដែលបានបង្ហាញពីកម្រិតលោកចង់បាន ។ លោកថា កូនក្រុមតែងតែព្យាយាម និងធ្វើបានល្អបែបនេះ តែអ្វីដែលជាចំណុចពិសេស គឺលោកចង់សង្កត់ធ្ងន់លើការប្រកួតប្រជែងជាមួយអាំងតង់ស៊ីតេកម្រិតខ្ពស់ មិនធ្លាប់ជួប ពេលបាត់បាល់ និងការពារ។
គួរដឹងថា ចំពោះមុខអ្នកទស្សនាផ្ទាល់ ១៥,៥៦៥នាក់ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ បន្ទាប់ពីកីឡាករ មិន រតនៈ រកបានគ្រាប់នាំមុខ នៅនាទី១៤ ហើយមានមិត្តរួមក្រុមរកបាន ៣គ្រាប់ជាបន្ដបន្ទាប់ទៀត ដោយកីឡាករ Martins Juior នៅនាទី៤៣, កីឡាករ Tiago Alves នៅនាទី៦៩ និងកីឡាករ Peprah Kwame ស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៧៧ មុនក្រុមភ្ញៀវ រកបាន ១គ្រាប់ នៅចុងម៉ោង។
ជ័យជម្នះនេះ មិនត្រឹមជាលទ្ធផលការប្រកួត គឺជាមោទនភាពមួយសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដែលបង្ហាញពីភាពរីកចម្រើនក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ ហើយកាន់តែរំភើប សម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាទាំងមូល ដែលសប្បាយរីករាយ ជាមួយជ័យជម្នះដ៏អស្ចារ្យលើក្រុមមកពីថៃ ដែលជាដើមទុនដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គបន្ដក្នុងពានរង្វាន់ប្រចាំតំបន់នេះ៕ អត្ថបទ លី ឈុនឡា


















