ក្រុមបាល់ទាត់សៀមរាបយូណាយធីត បានយកឈ្នះក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីត ដោយលទ្ធផល ៥-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧។

ក្រោយចប់ការប្រកួតលោក Mohedano Segura Oriol គ្រូបង្វឹកក្រុមសៀមរាបយូណាយធីត ហាក់មិនទាន់កក់ក្ដៅនឹងជ័យជម្នះនេះឡើយ ខណៈលោក ចន ទីណា អ្នកចាត់ការទូទៅក្រុមម្ចាស់ផ្ទះ បានប្រាប់មូលហេតុក្រុមធ្វើមិនបានល្អ ដោយសារក្រុមទើបបញ្ចប់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ការប្រកួតនេះ។
ជំនួបនៅសាកលវិទ្យាល័យបាត់ដំបូងនេះ សៀមរាបយូណាយធីត បានដាក់សម្ពាធខ្លាំងក្រុមម្ចាស់ផ្ទះ រហូតរកបាន ៥គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ ឌឿន ជីតុង នៅនាទី២១, អ៊ីតុ សេតុ នៅនាទី៣០, Timothy នៅនាទី៣៨ និង ភឿក ថាតថៃ រកបាន ២គ្រាប់ នៅនាទី៨៧ និងនាទី៩០ ។
ជុំវិញការប្រកួតនេះ លោក Mohedano Segura Oriol បានសម្ដែងក្ដីរីករាយ ដែលបានដឹកនាំក្រុមចូលរួមពានសម្ដេចតេជោ ហ៊ុន សែង ជាងលទ្ធផល ។ យ៉ាងណាលោកនៅតែគោរពក្រុមបាត់ដំបងយូណៃធីត និងបានប្ដេជ្ញាធ្វើឲ្យបានកាន់តែល្អនៅជើងទី២ ដើម្បីធានាកៅអីវគ្គ ១៦ក្រុមចុងក្រោយ។
ដោយឡែកលោក ចន ទីណា ថា ដោយសារក្រុមមានកីឡាកររបួសច្រើន ហើយខ្លះជាប់កាតពិន័យពីពានថ្នាក់ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ការប្រកួតនេះ ទើបបាត់ដំបងយូណៃធីត ធ្វើមិនបានល្អ ។ តែយ៉ាងណាក្រុមនឹងមិនបាក់ទឹកចិត្ត ហើយព្យាយាមធ្វើឲ្យបានល្អនៅជើងទី២ ដើម្បីសម្រេចគោលដៅលេងពានថ្នាក់ជាតិ។
គួរដឹងថា ក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត នៅជើងទី២ នាថ្ងៃទី៣ ខែធ្នូខាងមុខ ដើម្បីកំណត់ក្រុមឈ្នះឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ដែលមានបេក្ខភាព ១២ក្រុមកំពុងឈរចាំ ក្នុងនោះមានសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និងក្រុមម្ចាស់ពានសម្ដេចតេជោ-ថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ៕ អត្ថបទ លី ឈុនឡា


