ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងថា កម្ពុជាស្វាគមន៍ប្រទេសបារាំង និងបណ្តាប្រទេសទាំងអស់ដែលចង់ជួយស្វែងរកដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ហើយបណ្តាប្រទេសទាំងអស់បានដឹងថាអ្នកណាធ្វើខុសអ្នកណាធ្វើត្រូវ ហេតុនេះបានជាគេយកចិត្តទុកដាក់ក្នុងការជួយកម្ពុជា។

ទាក់ទងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហបរតិបត្តិរការជាតិ បានថ្លែងប្រាប់ BTV ថា “ឥឡូវបារាំងក៏គាត់ចង់ជួយដែរ យើងស្វាគមន៍ទាំងអស់ឲ្យតែប្រទេសទាំងអស់នឹងគឺថាជួយៗក្នុងន័យស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយស្របតាមច្បាប់អន្តរជាតិ ហើយយើងអត់ចង់បានអីលើសពីនឹងទេ។ បើបារាំងជួយក៏យើងស្វាគមន៍ ចិនបន្តជួយយើងនៅតែបន្តស្វាគមន៍។ គេយល់សភាពការណ៍ច្រើនជាងមិន គេដឹងថាអ្នកណាធ្វើខុសអ្នកណាធ្វើត្រូវ អីចឹងគេយកចិត្តទុកដាក់ក្នុងការជួយកម្ពុជា ព្រោះកម្ពុជាជាប្រទេសតូចជាងខ្សោយជាង”។

ចំណែកឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជាប្រកាន់នយោបាយការទូតច្បាស់លាស់ និងចាស់ទុំ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី និងមានការអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធ។ កម្ពុជាគោរពនិងផ្ដល់តម្លៃដល់ច្បាប់អន្តរជាតិ ការសន្ទនា ពហុភាគីនិយម និងសណ្ដាប់ធ្នាប់ពិភពលោក។ សំឡេងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ និងគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ បានជ្រួតជ្រាបយ៉ាងទូលំទូលាយទៅក្នុងសហគមន៍តំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕ អត្ថបទ៖ វង្ស សុភាព
