មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងជាមន្ទីរពិសោធន៍ឈានមុខ ធានាគុណភាពប្រកបដោយភាពសុក្រឹត និងទំនុកចិត្ត និងត្រូវបានពង្រីកសមត្ថភាពធ្វើតេស្តជាបន្តបន្ទាប់ គាំទ្រដល់ការប្រកួតប្រជែង និងការនាំចេញរបស់កម្ពុជា។

មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) បានប្រែក្លាយទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល, ការផ្លាស់ប្តូរនេះមានគោលបំណងធ្វើឲ្យ ម.ជ.វ.ប.ន ក្លាយជាមន្ទីរពិសោធន៍ជាតិឈានមុខគេ ដែលបង្កើនអានុភាពដល់នវានុវត្តន៍ និង ធានាគុណភាពតេស្ដវិភាគ ប្រកបដោយសុក្រឹតភាព និងទំនុកចិត្ត។ មន្ទីរពិសោធន៍នេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញ ឧស្សាហកម្មខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសតាមរយៈនៃការជំរុញនាំចេញ ទំនិញកែច្នៃរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ថា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) បានកំពុងផ្តោតការធ្វើតេស្តលើវិស័យនាំចេញសំខាន់ៗ ដូចជា វិស័យម្ហូបអាហារ អង្ករ និងគ្រាប់ស្វាយចន្ទី ហើយទៅពេលខាងមុខ មន្ទីរពិសោធន៍ជាតិនេះ នឹងពង្រីកសមត្ថភាពធ្វើតេស្ត ជាបន្តបន្ទាប់ គាំទ្រដល់ការរីកចម្រើន ការប្រកួតប្រជែង និងការនាំចេញរបស់កម្ពុជាឱ្យបានកាន់តែច្រើន។
ជុំវិញមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កន្លងមកនេះ បានបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន ៤០ ផ្តោតលើ វិស័យនាំចេញសំខាន់ៗដូចជា អង្ករ និងគ្រាប់ស្វាយចន្ទី ជាមួយនឹងវិញ្ញាបនបត្រ ISO/IEC:17025 និងការវាយតម្លៃទទួលស្គាល់ជា អន្តរជាតិពី SAC-SINGLAS ប្រទេសសិង្ហបុរី និង NATA ប្រទេសអូស្ត្រាលី។ មន្ទីរពិសោធន៍នេះបានធ្វើតេស្តវិភាគគុណភាព លើគំរូ សំណាកបានចំនួន ១៣ ពាន់ និងប៉ារ៉ាម៉ែត្រជិត ៤៨ ពាន់ ក្នុងឆ្នាំ២០២៥ ជាមួយនឹងលទ្ធផលដែលទទួលស្គាល់ជាអន្តរជាតិ។ មន្ទីរពិសោធន៍ក៏ពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច (MEEL) និងមន្ទីរពិសោធន៍ ស្រាវជ្រាវ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី






