ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានសម្ពោធជាផ្លូវការ រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។
ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក និងពីសំណាក់ដៃគូសហការរបស់ក្រុមហ៊ុនប្រមាណ ៤០០នាក់។
លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ថា នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់យានយន្តអគ្គិសនី ដើម្បីឈានទៅរកអភិវឌ្ឍន៍បៃតងដោយគ្មានផ្សែងបំពុល ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។
លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូល រាប់ចាប់តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗផងដែរ គ្រាដែលបច្ចុប្បន្ន ក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនី។
លោក បានបញ្ជាក់ថា អនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលអាចបង្កើនចង្វាក់ផលិតកម្មកាន់តែច្រើន និងផ្តល់ឱកាសការងារជាង ៥០០កន្លែង ក្នុងផែនការឆ្នាំ២០២៥ ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន ៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់ ១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។
សូមជម្រាបជូនទៀតថា ក្នុងពិធីសម្ពោធនេះដែរ ក្រុមហ៊ុន MVL Energy Investment Company នៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Central ស្តីអំពីគម្រោងផលិតយានជំនិះដឹកទំនិញខ្នាតតូចដែលប្រើថាមពលអគ្គិសនី ដើម្បីជម្រុញឲ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី