ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃពេញបូណ៌មី ខែកត្តិក ប្រជាពលរដ្ឋសម្រុកដើរកម្សាន្តយ៉ាងច្រើនកុះករនៅតំបន់មាត់ទន្លេ និងផ្លូវថ្មើរជើង។
ថ្ងៃនេះ ជាថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលពិសេសបំផុតនោះ ថ្ងៃនេះត្រូវនឹង ថ្ងៃសីល និងជាថ្ងៃពេញបូណ៌មី ពេញបរិបូរណ៍ ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ អកអំបុកនៅពេលរាត្រី។

ទោះបីជាក្នុងឆ្នាំ២០២៦នេះ ពុំមានការប្រារព្ធពិធីប្រណាំងទូកក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែរក្សាថ្ងៃឈប់សម្រាកការងារជាផ្លូវការជូនមន្ត្រីរាជការ កម្មករ-និយោជិត និងប្រជាពលរដ្ឋទូទាំងប្រទេសដដែល ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួបជុំគ្រួសារ ធ្វើបុណ្យទាន និងដើរកម្សាន្ត។
នៅតំបន់មាត់ទន្លេខាងមុខព្រះបរមរាជវាំង និងតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ មានភាពអ៊ូអរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាដើរកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាទិដ្ឋភាពដងទន្លេ ទិញវត្ថុអនុស្សាវរីយ៍ និងពិសាអាហារប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណចំនួន ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។ រដ្ឋបាលរាជធានីភ្នំពេញរំពឹងថា សម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខច្រើនជាងថ្ងៃទី១កាលពីម្សិលមិញ ខណៈម៉ោង២៤យប់ថ្ងៃទី២៤ វិច្ឆិកានេះ គឺនឹងមានអុជកាំជ្រួចអបអរសាទរសំពះព្រះខែ អកអំបុកផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា















