ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការត្រៀមធ្វើសមយុទ្ធសរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា “នាគមាស-ឆ្នាំ២០២៦” ។
សមយុទ្ធនេះធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌» ដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំង៣ផ្សេងគ្នា គឺនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និងនៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។
សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ ប្រតិបត្តិការនេះ ក៏ផ្ដោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះផងដែរ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ និងមានប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធផងដែរ៕









