ទោះបីឆ្នាំនេះ រាជធានីភ្នំពេញមិនមានរៀបចំពិធីប្រណាំងទូកដូចបណ្តាឆ្នាំកន្លងមកក្ដី ក៏តំបន់មុខព្រះបរមរាជវាំង និងមាត់ទន្លេ នៅតែមានភាពអ៊ូអរជាប្រចាំ ដោយសារប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត នាំក្រុមគ្រួសារមកដើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក ដោយក្តីរីករាយចំពោះបរិយាកាសកម្សាន្តនៅរាជធានីភ្នំពេញ។

ជាក់ស្តែងប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ដែលកំពុងដើរកម្សាន្តនៅថ្ងៃទី២ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក បានឱ្យដឹងថា ទោះគ្មានការរៀបចំពិធីប្រណាំងទូកនៅរាជធានីភ្នំពេញដូចឆ្នាំមុនៗក្តី ក៏មិនបានធ្វើឱ្យបាត់បង់បរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យអុំទូកនោះដែរ។ ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនៅ តែបន្តធ្វើដំណើរមកកម្សាន្តនៅតំបន់មុខព្រះបរមរាជវាំង និងតាមបណ្តោយមាត់ទន្លេជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ទស្សនាទេសភាព និងទទួលទានអាហារផ្សេងៗ ជាពិសេសនៅពេលរសៀល និងពេលយប់ជាដដែល។
ប្រជាពលរដ្ឋមកពីខេត្តព្រះសីហនុ ដែលបាននាំកូនចៅៗមកដើរកម្សាន្តនៅមុខព្រះបរមរាជវាំង ក៏បានលើកឡើងថា ទោះមិនមានពិធីប្រណាំងទូកក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែចង់មកកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនៅពេលរាត្រី ព្រោះប្រទេសកម្ពុជាយើងជាពិសេសរាជធានីភ្នំពេញ កាន់តែរីកចម្រើន និងសម្បូរសប្បាយ។ ម្យ៉ាងទៀតក៏ជាការរំលឹកពីអនុស្សាវរីយ៍ នៃការមកលេងរាជធានីភ្នំពេញក្នុងឱកាសបុណ្យអុំទូកជារៀងរាល់ឆ្នាំផងដែរ។ ដូច្នេះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមអញ្ជើញមកកម្សាន្តឱ្យបានគ្រប់គ្នា។
ក្រៅពីតំបន់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញក៏មានគោលដៅទេសចរណ៍ និងទីតាំងកម្សាន្តជាច្រើនទៀត ដូចជា តំបន់ផ្លូវបាសាក់ ឬ Bassac Lane សារមន្ទីរជាតិ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងសេវាជិះទូក និងសេវារថយន្តទេសចរណ៍គ្មានដំបូលជាដើម។ ទីតាំង និងសេវាកម្សាន្តទាំងនេះ ផ្តល់ជម្រើសកាន់តែសម្បូរបែបថែមទៀតដល់ភ្ញៀវមកពីតាមបណ្តាខេត្ត ក្នុងការបន្តដំណើរកម្សាន្ត និងឈ្វេងយល់ពីភាពរស់រវើករបស់រាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់៕ អត្ថបទ៖ ពៅយី











