កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងពន្យល់សមាជិកគ្រួសារបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់លែង ពីរបៀបគូសសន្លឹកឆ្នោត និងពន្យល់អោយស្គាល់ និងចំណាំរូបសញ្ញារបស់គណបក្សប្រជាជនកម្ពុជា។
លោក ស៊ុន សុវណ្ណារិទ្ធិ បានពន្យល់អំពីរបៀបគូសសន្លឹកឆ្នោត ជាមួយប្រជាពលរដ្ឋ ជាសមាជិកគ្រួសារគណបក្សប្រជាជនកម្ពុជា តាមលំនៅដ្ឋានរបស់ពួកគាត់ នៅតាមភូមិមួយចំនួនក្នុងស្រុកកំពង់លែង។ លើសពីនេះលោកបានអំពាវនាវអោយប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំរបស់ខ្លួន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមការិយាល័យបោះឆ្នោតរៀងៗខ្លួន។
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានពន្យល់បន្ថែមអំពី គុណដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេច ហេង សំរិន ប្រធានកិត្តិយសបក្ស។ វីរភាពរបស់សម្ដេច និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនមួយចំនួនទៀត បានបូជាសាច់ស្រស់ ឈាមស្រស់ ដឹកនាំវីរយុទ្ធជនចេញតស៊ូរំដោះជាតិទឹកដីឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននូវគុណណូបការៈដ៏ធំធេងទាំងនេះបានឡើយ។
សម្តេចតជោ ហ៊ុន សែន បានកសាងប្រទេសឲ្យមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ តាំងពីបាតដៃទទេ ប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព មិនតែប៉ុណ្ណោះ សម្តេច និងថ្នាក់ដឹកនាំបក្សប្រជាជនបានខិតខំការពារ មិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកកម្ពុជាជាថ្មីទៀតបានឡើយ។ ដោយឡែកនៅតាមមូលដ្ឋានឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ មានអគារតូចធំ មានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើដំណើរ មានប្រឡាយទឹក សម្រាប់ស្រោចស្រព មានភ្លើងអគ្គិសនីដល់គ្រប់ទីជនបទ និងមានការយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋទូទៅទៀតផង។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៥នេះ មានក្រុមប្រឹក្សាឈរឈ្មោះចំនួន១១គណបក្ស ដែលបានចុះឈ្មោះនៅក្នុងខេត្តកំពង់ឆ្នាំង។ ដោយឡែកគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពង់ឆ្នាំងទាំង៧១ឃុំសង្កាត់ នៅថ្ងៃទី៥ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គឺមានសកម្មភាពសស្រាក់សស្រាំ ទាំងផ្លូវទឹក និងផ្លូវគោក ចំណែកសម្លេងឧឃោសនស័ព្ទវិញ លាន់ឮរំពងនៅគ្រប់មូលដ្ឋាន លាយឡំទៅនឹងការបន្លឺសំឡេងខ្លាំងៗថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះទាំង៧១ឃុំសង្កាត់៕ អត្ថបទ៖ ហុង វាស្នា




