វាយកូនបាល់៖ កីឡាករវាយកូនបាល់បារាំង Jo-Wilfred Tsonga បានប្រកាសលាពីអាជីពកីឡាករវាយកូនបាល់ជាផ្លូវការហើយ ក្រោយបរាជ័យត្រឹមជុំដំបូង Grand Slam, French Open នៅថ្ងៃអង្គារម្សិលមិញនេះក្រោមស្នាដៃកីឡាករលំដាប់លេខ៨ ពិភពលោក Casper Ruud។

ទម្រាំតែរកចាញ់ឈ្នះឃើញ ការប្រកួតពេញដោយភាពតានតឹងដោយ Casper Ruud យកឈ្នះក្នុងលទ្ធផល ៦-៧ (៦-៨), ៧-៦(៧-៤), ៦-២ និង ៧-៦(៧-០)។ ក្រោយបញ្ចប់ការប្រកួតកីឡាករវ័យ ៣៧ឆ្នាំ Jo-Wilfred Tsonga បានសម្រក់ទឹកភ្នែកលាអ្នកគាំទ្ររបស់ខ្លួន និងលាអាជីពវាយកូនបាល់របស់ខ្លួនដែលបានចំណាយពេលអស់ ១៨ឆ្នាំ។ រំលឹកថា Tsonga បានចាប់ផ្តើមប្រឡូកវាយកូនបាល់អាជីពនៅឆ្នាំ២០០៤ និងបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam ម្តងគត់ ៤ឆ្នាំបន្ទាប់ពីចាប់ផ្តើមអាជីព ខណៈកីឡាករស៊ែប Novak Djokovic យកឈ្នះការប្រកួតនោះដើម្បីលើកពាន Grand Slam លើកដំបូងក្នុងអាជីព។
ក្រៅពីនោះ Tsonga ក៏ធ្លាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam ពីរលើកនៅ French Open និង Wimbledon នៅឡើងដល់វគ្គផ្តាច់ព្រ័ត្រ ATP Finals នៅឆ្នាំ២០១១។ Tsonga ក៏ធ្លាប់ឈ្នះមេដាយប្រាក់អូឡាំពិកផងដែរក្នុងវិញ្ញាសាវាយគូនៅទីក្រុងឡុងដ៍ឆ្នាំ២០១២ និងជាសមាជិករបស់ក្រុមវាយកូនបាល់បារាំងឈ្នះពាន Davis Cup នៅឆ្នាំ២០១៧៕
អត្ថបទ៖នាង សុភាវុធ