បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានសំណូមពរដល់វិនិយោគិន ពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ខណៈបាត់ដំបង ជាខេត្តដែលមានសក្ដាពុលខ្ពស់លើវិស័យកសិកម្ម មានទាំងដំណាំស្រូវ ដំណាំហូបផ្លែ និងដំណាំឧស្សាហកម្មជាដើម។
ក្នុងសិក្ខាសាលាស្ដីពី ការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា បច្ចុប្បន្ននេះ ផលិតផលកសិកម្មក្នុងខេត្តបាត់ដំបង នៅសល់ច្រើនណាស់ មិនទាន់ត្រូវបានកែច្នៃ ដែលទាមទារឱ្យមានការបង្កើតរោងចក្រកែច្នៃ ។
ឯកឧត្តម បានបន្តថា នៅរដូវប្រមូលផលម្ដងៗ ប្រជាកសិករបានជួបប្រទះការលំបាកខ្លាំងលើបញ្ហាកង្វះទីផ្សារ ខណៈទិន្នផលដែលផលិតបានមានចំនួនច្រើន តែការកែច្នៃមិនទាន់បំពេញបានតាមតម្រូវការ ។
បន្ថែមពីនេះ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យភាគីពាក់ព័ន្ធ ចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងលើអ្នកធ្វើអាជីវកម្មក្លែងបន្លំ និងប្រកួតប្រជែងដោយមិនស្មើភាព ដើម្បីបង្កបរិយាកាសវិនិយោគឱ្យបានកាន់តែល្អប្រសើរ ។
គួរបញ្ជាក់ថា ក្រៅពីម៉ាស៊ីកិច្ចស្រូវតូចធំៗ នៅខេត្តបាត់ដំបង មានរោងចក្រ សហគ្រាស និងសិប្បកម្មកែច្នៃកសិផលមួយចំនួន ប៉ុន្តែមិនទាន់ឆ្លើយតបនឹងផលកសិកម្មនៅក្នុងខេត្ត ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលដំណាំផ្សេងៗ កើនឡើងពីមួយទៅមួយឆ្នាំ និងបានស្នើឲ្យជួយដោះស្រាយបញ្ហាទីផ្សារពីភាគីពាក់ព័ន្ធ ៕ អត្ថបទ៖ នឿត សុភក្តិ
