ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់តាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ។
សម្ដេចធិបតីបានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបានដំណើរការរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ដែលបានមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានៅទូទាំង ២៥ រាជធានី-ខេត្ត។
តាមរយៈសារ សម្ដេចធិបតីក៏បាន ថ្លែងអរគុណដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្ត ដែលបានចំណាយពេលវេលារៀបចំកម្មវិធីកម្សាន្តនានា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ រក្សាអនាម័យ ព្រមទាំងចូលរួមសហការរៀបចំក្នុងការបង្កភាពសប្បាយរីករាយជូនដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានចូលរួមលេងនៅតាមរមណីយដ្ឋាននានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានជូនពរ ដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើដំណើរ និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ព្រមទាំងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច៕













