ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ វិច្ឆិកា ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមជម្រាបថា ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអញ្ជើញមកបំពេញទស្សនកិច្ចការងារជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Steve Daines និងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ការទាក់ទាញវិនិយោគិនអាមេរិកមកកម្ពុជាបន្ថែមទៀត និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម។ ភាគីទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងការផ្តល់ហិរញ្ញប្បទានរបស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក ចំពោះការគាំទ្រកិច្ចព្រមព្រៀងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕






