បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត១៣ម៉ឺននាក់បានធ្វើដំណើរកម្សាន្តសប្បាយរីករាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង។
លោក ហម អរុណ គូសបញ្ជាក់ថា ការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ទឹកដីខេត្តបាត់ដំបងបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពល្អប្រសើរក្រោមការចូលរួមសម្របសម្រួលពីមន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាល។
ភ្ញៀវទេសចរមកពីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកដើរលេងកម្សាន្តនៅខេត្តបាត់ដំបងដែលជាទឹកដីមានទេសភាពធម្មជាតិស្រស់បំព្រង និងមានគោលដៅទេសចរណ៍ជាច្រើនកន្លែងប្រកបដោយភាពទាក់ទាញ និងមានអនាម័យបរិស្ថានល្អប្រសើរ។
ភ្ញៀវទេសចរ លើកឡើងពីភាពជាប់ចិត្តទាក់ភ្នែកនូវការអភិវឌ្ឍនៅរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តភ្នំសំពៅដែលត្រូវបានរៀបចំយ៉ាងស្អាតប្រកបដោយសោភ័ណភាព មានអនាម័យបរិស្ថានល្អ របៀបរៀបរយ និងសន្តិសុខសណ្ដាប់ធ្នាប់។
សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕






