ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើកការគ្រប់គ្រងសំណល់ប្លាស្ទិក ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងយន្តការឥណទានកាបូនរួមគ្នា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលបាននិងកំពុងពង្រឹង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាពិសេសលើចំណុចអាទិភាពសំខាន់ៗ រួមមាន ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានកំពុងជំរុញការផ្លាស់ប្តូរពីសកម្មភាព ទៅជាចលនារួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន ការជំរុញការប្រើប្រាស់បច្ចេកវិទ្យា ទប់ស្កាត់ការបំពុលលទឹក ដើម្បីលើកកម្ពស់ភាពស្អាត និងអនាម័យបរិស្ថាននៅកម្ពុជា។ លើសពីនេះកិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន បានគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការជំរុញការវិនិយោគបៃតង និងរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម បានមានប្រសាសនស៍បន្ថែមថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែ ជួយពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជួយកម្ពុជា សម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត ISHIZUKI Hideo បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ជាពិសេសការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានបញ្ជាក់ជាថ្មី នូវជំហររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ និងទទួលបានផ្លែផ្កាបន្ថែមទៀត នាពេលអនាគត៕








