សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) និងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន (CONCACAF) បានប្រកាសកាលថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៨ ដែលជាលើកទី២ ជាប់ៗគ្នា។
ការប្រកួតនេះនឹងមានក្រុមចូលរួមសរុប ១៦ប្រទេស ដោយក្រុមចំនួន ៦ មកពីតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន នឹងចូលរួមជាមួយក្រុមចំនួន ១០ មកពីអាមេរិកខាងត្បូង។
ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៨។ ចំណែកក្រុមទាំង ៦ មកពីតំបន់ CONCACAF នឹងទទួលបានសិទ្ធិចូលរួមតាមរយៈការប្រកួត Gold Cup ឆ្នាំ២០២៧។
គួររំឭកថា សហរដ្ឋអាមេរិកធ្លាប់ធ្វើជាម្ចាស់ផ្ទះ Copa America លើកចុងក្រោយនៅឆ្នាំ២០២៤ ដោយក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះកូឡុំប៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុននោះ សហរដ្ឋអាមេរិកក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះនៅឆ្នាំ២០១៦ ផងដែរ ដោយក្រុមម្ចាស់ផ្ទះបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤។
សម្រាប់ទីក្រុង និងកីឡដ្ឋានដែលនឹងត្រូវប្រើប្រាស់ក្នុងការប្រកួតឆ្នាំ២០២៨ សហព័ន្ធទាំងពីរបានបញ្ជាក់ថា នឹងប្រកាសព័ត៌មានលម្អិតនៅពេលក្រោយ៕ អត្ថបទ៖នាង សុភាវុធ
