
សៀមរាប៖ ឯកឧត្តម សំ ចាន់ធួន ប្រធានក្រុមការងារចុះជួយឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី៥ បានមានប្រសាសន៍ថា៖ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។
នៅក្នុងឱកាសនោះ ឯកឧត្តម សំ ចាន់ធួន ក៏បានបន្តថា៖ ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជន រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។
ឯកឧត្តមបានបន្ថែមថា បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំសង្កាត់ ដែលខ្លួនដឹកនាំ។
ឯកឧត្តម សំ ចាន់ធួន បានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតា បាចផ្កា ដែលមានលេខរៀងកំណត់ទៅតាមបណ្តាឃុំ និងសង្កាត់នីមួយៗ ដើម្បីទទួលបានមេឃុំ និងចៅសង្កាត់ ដែលបម្រើប្រជាពលរដ្ឋ គិតគូរសុខទុក្ខប្រជាពលរដ្ឋ មានគោលនយោបាយដឹកនាំជាតិច្បាស់លាស់ ធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសប្រទេសជាតិ និងពលរដ្ឋ៕អត្ថបទ៖ សូ ដាវណ្ណ



