ធនាគារជាតិនៃកម្ពុជា ពង្រឹងកិច្ចសហការអភិវឌ្ឍ និងពង្រីកវិសាលភាពចំណេះដឹងលើផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកបណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់ អ្នកប្រើប្រាស់ជាពិសេសសិទ្ធិទទួលបានការ ការពារដោយច្បាប់ពីភាគីពាក់ព័ន្ធក្នុងវិស័យ ដើម្បីធានានូវទំនុកចិត្តសាធារណៈជនមកលើប្រព័ន្ធធនាគារ។ ទន្ទឹមនិងការពង្រីក វិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ទំនួលខុសត្រូវ ភាពងាយស្រួល និងរហ័សទាន់ចិត្ត និងការកាត់បន្ថយតម្លៃប្រតិបត្តិការ ជាពិសេសតាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ និងចំណេះដឹងផ្នែកឌីជីថល ជាច្រើន ដល់ប្រជាជនកម្ពុជា។
លោកអគ្គនាយករូបនេះ បន្តថា ទោះបីជាការរីកចំរើននៃប្រព័ន្ធបច្ចេកវិទ្យា ជាមួយវិស័យហិរញ្ញវត្ថុថ្នាលឌីជីថល ប្រៀបបាន នឹងអាវុធមុខពីរ ប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងកាត់បន្ថយថ្លៃប្រតិបត្តិការ ខណៈបច្ចេក វិទ្យាហិរញ្ញវត្ថុក៏បង្កឱ្យមានហានិភ័យមួយចំនួនដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណ លេខគណនីរបស់អតិថិជន កម្ចីខុសច្បាប់តាមអនឡាញ ដែលមានអត្រាការប្រាក់ខ្ពស់លើសលប់ និងការគំរាមកំហែងជាដើម។
លោកបណ្ឌិតបញ្ជាក់ថា សព្វថ្ងៃនេះបើទោះបីមានការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធយ៉ាងសកម្ម ទាំងរូបភាពផ្សព្វផ្សាយដល់ទីកន្លែង និងតាមប្រព័ន្ធឌីជីថល តាមរយៈបណ្តាញសង្គម កម្ចីខុសច្បាប់បាននិងកំពុងកើតមាននៅតាម មូលដ្ឋាន ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលលើសលប់ដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត និងបង្កផលអវិជ្ជមានដល់ មូលដ្ឋាន និងការអភិវឌ្ឍសង្គម ឬមានការចុះផ្សាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យយល់ច្រឡំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្លូវការ។ បញ្ហានេះដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ប្រជាពលរដ្ឋងាយនឹងប្រឈមមុខធ្លាក់ខ្លួននឹងអន្ទាក់ជាមួយនឹងកម្ចី ខុសច្បាប់ ដែលមានលក្ខណៈបោកប្រាស់ ការគំរាមកំហែង គៀបសង្កត់ សម្ពាធផ្លូវចិត្ត ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យខុសគោលការណ៍ និងទ្រព្យសម្បត្តិអាចត្រូវបានរឹបអូស ដោយពុំឆ្លងកាត់ពីប្រព័ន្ធតុលាការជាដើម។
ការណ៍នេះទើបធនាគារជាតិនៃកម្ពុជា បន្តបើកសិក្ខាសាលា ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដើម្បីរួម គ្នាបង្ការ ទប់ស្កាត់កម្ចីខុសច្បាប់ ក្នុងគោលដៅជួយជីវភាពប្រជាពលរដ្ឋមានស្ថានភាពល្អប្រសើរជាលំដាប់ និងប្រើប្រាស់សេវាហិរញ្ញ វត្ថុផ្លូវការជាប្រយោជន៍សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាធាតុចូលដ៏សំខាន់ក្នុងការលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី




