វិស័យឯកជន រំពឹងថា កម្ពុជានឹងមានផលិតផលក្នុងស្រុកអាចនឹងឈានដល់ ៨០ ភាគរយ តាមការគ្រោងទុករបស់ប្រមុខរាជរដ្ឋាភិបាល ខណៈបច្ចុប្បន្នចលនានៃផលិតក្នុងស្រុកកំពុងបន្តការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលបានលើកទឹកចិត្ត ជាពិសេសការបន្ធូរ បន្ថយផ្នែកពន្ធលើប្រព័ន្ធអេកូស៊ីសស្តែម (Eco-System)។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការផលិត កម្មនៃសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក នេះថា ជុំវិញផលិតកម្មក្នុងស្រុកឃើញថា បច្ចុប្បន្នបានកំពុងមាននិន្នាការកើនឡើង និង ទទួលបានការគាំទ្រខ្លាំងជាងមុនពីពលរដ្ឋកម្ពុជា ជាពិសេសបន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានជំរុញឱ្យមានការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកប្រើប្រាស់ និងការពង្រឹងសមត្ថភាពផលិតកម្មផ្ទៃក្នុងនៃផលិតកម្មក្នុងស្រុកផងដែរ។
ឧកញ៉ាបណ្ឌិត បន្តថា គិតមកដល់ម៉ោងនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើន បានកំពុងបើកទូលាយ ដែលក្នុង នោះវិស័យឯកជនត្រូវតែដើរឱ្យទាន់ នូវអ្វីដែលរាជរដ្ឋាភិបាលបានកំពុងគាំទ្រ ជាពិសេសការលើកទឹកចិត្ត និងការបន្ធូរបន្ថយផ្នែកពន្ធនៅ លើប្រព័ន្ធអេកូស៊ីសស្តែម (Eco-System) ដែលជាការបំពេញកំលាំងផលិតក្នុងស្រុកឱ្យឈានទៅសម្រេច តាមការគ្រោងទុករបស់ ប្រមុខរាជរដ្ឋាភិបាល ឱ្យស្ថិតនៅក្នុងរង្វង់ប្រមាណ ៨០ ភាគរយ នៅត្រឹមរយៈពេល ១០ ឆ្នាំខាងមុខ។ បញ្ហានេះឧកញ៉ាបណ្ឌិត រំពឹងថា កម្ពុជានឹងអាចឈានទៅសម្រេចបាន ប៉ុន្តែសូមឱ្យពលរដ្ឋកម្ពុជាគាំទ្រនូវផលិតផលខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីរុញកំលាំងផលិតក្នុងស្រុក ឱ្យកាន់តែខ្លាំងក្លា។
សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរ ថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងក្នុងពិធីបើកពិព័រណ៍ ផលិតផលខ្មែរលើកទី៤, អំពីការវិវឌ្ឍរីកចម្រើនក្នុងវិស័យផលិតកម្ម ខណៈពីមុនកម្ពុជាធ្លាប់តែទិញផលិតផលសម្រេច និងគ្រឿងបង្គុំពី បរទេស ប៉ុន្តែបច្ចុប្បន្នទោះបីជាផលិតផលមួយចំនួនដូចជា គ្រឿងបង្គុំនៅនាំចូលក៏ដោយ ក៏កម្ពុជានាំយកផលិតផលទាំងនោះយកមក កែច្នៃក្នុងស្រុក ដោយអាចចាត់ទុកថា ជាផលិតផលដែលផលិតនៅកម្ពុជា ឬហៅថា «Made in Cambodia»។ បញ្ហានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញផលិតផលកម្ពុជាឈានដល់ ៨០ ភាគរយ ដាក់លក់នៅទីផ្សារក្នុងប្រទេស នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខ និង ២០ ភាគរយ ជាផលិតផលនាំចូលពីក្រៅប្រទេស។ សម្តេចមហាបវរធិបតី បានបន្ថែមថា បច្ចុប្បន្នប្រជាជនខ្មែរនៅក្រៅប្រទេស ដែលបើកហាងដូចជា នៅកាណាដា សហរដ្ឋអាមេរិកជាដើម គឺពួកគាត់ចង់បានផលិតផលខ្មែរយកទៅដាក់តាំងលក់ ជាក់ស្ដែងមកដល់ ពេលនេះ អង្ករកម្ពុជាបាននាំចេញរួចហើយ និងបានដាក់លក់នៅក្រៅប្រទេស នឹងថ្ងៃក្រោយ សម្តេចចង់ឱ្យ ផលិតផលផ្សេងៗដូចជា ទឹកត្រី ត្រីខ មី និងនំខ្មែរជាដើម ជំរុញនាំចេញឱ្យបានច្រើន តាមច្រកសហគមន៍ខ្មែរនៅក្រៅប្រទេសនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






