ក្លិបភ្នំពេញក្រោន បានខកខានឱកាសកក់កៅអីវគ្គបន្ដជាថ្មី ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ពូលH បន្ទាប់ពីរងបរាជ័យទល់ក្រុមម្ចាស់ផ្ទះ Kuching City របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ នៅក្នុងជំនួបជើងទី២ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ នៅកីឡដ្ឋាន Taha Ariffin។
បន្ទាប់ពីយកឈ្នះ ២-១ ក្នុងដី កាលពីជើងទី១ ភ្នំពេញក្រោន ធ្វើមិនបានល្អឡើយ សម្រាប់ជំនួបជើងទី២ ក្រៅដីទល់ក្រុមខ្លាំងរបស់ម៉ាឡេស៊ីនេះ ដោយត្រូវ Kuching City យកឈ្នះវិញ ៣គ្រាប់ ដែលរកបានដោយកីឡាករ Safawi Rasid នៅនាទី៣២, កីឡាករ Jerome Mpacko នៅនាទី៧៥ និងកីឡាករ Dylan Wenzel-Halls នៅនាទី៩០+២។
នេះគឺជាលើកទី២ ហើយ ដែលភ្នំពេញក្រោន ត្រូវខកខានឱកាសកក់កៅអីវគ្គបន្ដ បន្ទាប់ពីទទួលបានជ័យជម្នះ ៣ប្រកួតជាប់ៗគ្នា មាន ៩ពិន្ទុពេញ ពួកគេត្រូវការត្រឹម ៣ពិន្ទុទៀតបានឡើងវគ្គបន្ដ តែ ២ប្រកួតចុងក្រោយ ក្រុមសិង្ហក្រហមតំណាងកម្ពុជា បានរងបរាជ័យជាបន្ដបន្ទាប់ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Kitchee របស់ហុងកុង កាលពីថ្មីៗ។
ទោះបីបរាជ័យ តែភ្នំពេញក្រោន នៅតែរក្សាតំណែងកំពូលតារាង ដោយមាន ៩ពិន្ទុ លើក្រុម Kuching City និងក្រុម Gangwon FC របស់កូរ៉េខាងត្បូង ដែលមាន ៧ពិន្ទុស្មើគ្នា។ បែបនេះក្ដី ភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ក្នុងការប្រកួតចុងក្រោយទល់ក្រុមភ្ញៀវ Gangwon FC ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គបន្ដ នៃពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា






