ស្វាយរៀង៖ នៅវេលាម៉ោង២២ និង១០នាទីយប់ ឆ្លងចូលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី លួចលាក់នាំជ្រូកចូលពីប្រទេសក្បែរខាងចំនួន ២០ក្បាលមកកាន់ប្រទេសកម្ពុជា។
រថយន្តម៉ាកSsangyong istana នោះ ពាក់ស្លាកលេខភ្នំពេញ២N-៥៦៣៤ ដឹកសត្វជ្រូករស់ចំនួន២០ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងបម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ៣១៤ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕







