បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្ដើម ប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីលានហ្វឹកហាត់របស់ក្លិបព្រះខ័នរាជស្វាយរៀង ក្បែរពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាថ្ងៃទី០២ ខែមិថុនាខាងមុខ។
ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមគោព្រៃកម្ពុជា ក្រោយ ២ថ្ងៃបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ជីឈ្មោះកីឡាករបឋមចំនួន ២៧រូបរួមមានកីឡាករបឹងកេត ៥រូប, ព្រះខ័នរាជស្វាយរៀង ៦រូប, ភ្នំពេញក្រោន ៣រូប, វិសាខា ៩រូប, ណាហ្គាវើលដ៏ ១រូប, ព្រៃវែង ១រូប និងកីឡាករ កុក បូរីស ដែលកំពុងលេងឲ្យក្លិប Sarawak United ក្រោមលក្ខខណ្ឌខ្ចីជើងនៅលីគកំពូលម៉ាឡេស៊ី។ ការហ្វឹកហាត់នេះដែរដឹកនាំផ្ទាល់ដោយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលោកបញ្ចប់ភារកិច្ចដឹកនាំក្រុម U23 កម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមជាមួយលទ្ធផលមិនសូវគាប់ប្រសើរកាលពីថ្មីៗ។
គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពលក្ខណៈកម្ដៅសាច់ដុំ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាថ្ងៃទី០២ ខែមិថុនាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការផ្សាយផ្ទាល់របស់ក្រុមការងារទូរទស្សន៍ BTV-News។ បន្ទាប់ពីចប់ការប្រកួតមិត្តភាពនេះ ក្រុមគោព្រៃកម្ពុជាគ្រោងនឹងធ្វើដំណើរទៅប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ ដើម្បីចូលរួមការប្រកួតវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 (Qualifiers) ចាប់ពីថ្ងៃទី០៨-១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដែលកម្ពុជាស្ថិតក្នុងពូល D ជាមួយម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន៕
អត្ថបទ៖ លី ឈុនឡា