យុទ្ធនាការភ្នំពេញស្អាត ជាយុទ្ធនាការដែលតែងរៀបចំឡើងប្រចាំឆ្នាំ រៀងរាល់ខែវិច្ឆិកា។ យុទ្ធនាការផ្តើមពីដំបូងនៅឆ្នាំ២០១៧ ដែលពេលនោះ ជាការបង្វែរឱ្យប្រជាពលរដ្ឋគិតលើបញ្ហាបរិស្ថាន។ ឈានដល់ឆ្នាំ២០២៦នេះវិញ យុទ្ធនាការភ្នំពេញស្អាត បានពង្រីកវិសាលលើសពីបញ្ហាបរិស្ថាន។ យុទ្ធនាការផ្តោតបន្ថែម លើ ការគិតស្អាត ឥរិយាបថស្អាត ការប្រតិបត្តិស្អាតសម្រាប់ការរួមគ្នាកសាងសង្គមជាតិកម្ពុជា ឱ្យកាន់តែល្អប្រសើរ។

ផ្តើមបើកយុទ្ធនាការនាដើមខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្មវិធីយុទ្ធនាការភ្នំពេញស្អាតបានស្រូបទាញសាធារណជន ពិសេសយុវជនប្រមាណ ៣ ០០០នាក់ចូលរួមស្តាប់ ចូលរួមសមាធិ ដែលមានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមវង្សា គូ សុភាព និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

ក្រោយចប់កម្មវិធី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា យុទ្ធនាការភ្នំពេញស្អាត ជាយុទ្ធនាការមួយ ដែលមានការចូលរួមពីគ្រប់ភាគី ទាំងរដ្ឋ ឯកជន ដែលមានការគិតជារួមមួយគឺដើម្បីកម្ពុជាមានភាពស្អាត។ ឯក ឧត្តម ឧបនាយករដ្ឋមន្ត្រី បានរម្លឹកថា យុទ្ធនាការភ្នំពេញស្អាតក្នុងឆ្នាំដំបូង ជាយុទ្ធនាការដែលផ្តោតលើបញ្ហាបរិស្ថា ន។ បច្ចុប្បន្នយុទ្ធនាការមួយនេះ បានពង្រីកគោលដៅរបស់ខ្លួន ដែលលើសពីបញ្ហាបរិស្ថាន។ យុទ្ធនាការភ្នំពេញ ស្អាត បានវិវត្តដល់ការគិតស្អាត អកប្បកិរិយាស្អាត ដែលគ្រប់កោសិកាសង្គមកម្ពុជា ត្រូវចូលរួមដើម្បីសង្គមជាតិកម្ពុ ជាកាន់តែប្រសើរ។

គួរបញ្ជាក់ថា យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បានរៀបចំពិធីបើកសម្ពោធយុទ្ធនាការជាផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ដោយបានប្រកាសដាក់ចេញនូវផែនការសកម្មភាពផ្តោតលើគោលគំនិតស្នូល៣ ប្រតិបត្តិស្អាត ចិត្តស្អាត ឥរិយាបថស្អាត។ យុទ្ធនាការប្រចាំឆ្នាំនេះ មានគោលដៅជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមកសាងសង្គមស្អាតស្អំ ទាំងផ្នែកបរិស្ថាន ស្មារតី និងការប្រកបអាជីវកម្មប្រកបដោយសីលធម៌៕ អត្ថបទ៖ គឹម ហុក











