ក្រុមគ្រូពេទ្យកម្ពុជា ដែលស្ថិតក្នុងសមាគមគ្រូពេទ្យកុមារកម្ពុជា បានជួបជុំគ្នាដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom ដើម្បីចែករំលែកបទពិសោធន៍លើជំនាញវេជ្ជសាស្ត្រផ្នែកជំងឺកុមារ ដោយមានវាគ្មិនដែលជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញៗ មកពីក្រៅប្រទេស និងក្នុងប្រទេសធ្វើបទបង្ហាញ ខណៈជំងឺផ្សេងៗកំពុងផ្ទុះឆ្លងទាំងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោកគួរឲ្យព្រួយបារម្ភ។

ក្នុងសន្និសីទប្រចាំឆ្នាំស្តីពី វេជ្ជសាស្ត្រកុមារ លើកទី២៩ ក្រោមប្រធានបទ “រួមគ្នាជំរុញវឌ្ឍនភាព ការថែទាំព្យាបាលកុមារ និងទារកទើបកើត” នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការចែករំលែកបទពិសោធន៍ និងការពង្រឹងសមត្ថភាពជំនាញវេជ្ជសាស្ត្រ ជារឿងចាំបាច់ ព្រោះក្នុងពេលបច្ចុប្បន្ន ជំងឺឆ្លងកំពុងកើតឡើងច្រើន ខណៈនៅឆ្នាំនេះអត្រាស្លាប់នៃកុមារដោយសារជំងឺគ្រុនឈាមបានកើតឡើងច្រើន ដែលបញ្ហានេះ ទាមទារឲ្យពង្រឹងការធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ លាស់ ដើម្បីសង្គ្រោះព្យាបាលកុមារឲ្យបានទាន់ពេលវេលា។

លោកជំទាវ បានសង្កត់ធ្ងន់ថា ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងតាមរដូវកាល ដូចនេះតាមមន្ទីរពេទ្យ បើមិនទាន់យល់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ មិនចេះគ្រប់គ្រង និងមិនចេះវាយតម្លៃទៅលើជំងឺនេះ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានល្អ។
ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យកុមារកម្ពុជា បានលើកឡើងថា ជាបន្តបន្ទាប់សមាគមតែងតែបានចូលរួមជាប្រចាំក្នុងការរួមគ្នា ផ្ដួចផ្ដើមឲ្យមាននូវការបណ្ដុះបណ្ដាលផ្សេងៗ ចែករំលែកចំណេះដឹង ធ្វើនវានុវត្តន៍ជំនាញដល់សមាជិក សមាជិកា ក៏ដូចជាដល់បុគ្គលិក នៅតាមមន្ទីរពេទ្យជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងដល់មន្ទីរពេទ្យឯកជន និងនិស្សិតបន្តវេន។ កិច្ចការនេះ បានផ្ដល់អត្ថប្រយោជន៍ធំធេងដល់អ្នកចូលរួមទទួលបានចំណេះដឹង ដើម្បីអនុវត្តការងារតាមនិយាមប្រតិបត្តិ។

ឯកឧត្តមបន្តថា ប្រធានបទសន្និសីទ នៅឆ្នាំនេះ គឺតម្រូវឲ្យវេជ្ជបណ្ឌិតម្នាក់ៗ ត្រូវបន្តការអភិវឌ្ឍនូវចំណេះដឹងជំនាញ បង្កើតសមត្ថភាពវិជ្ជាជីវៈជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុននូវស្ថានភាព ដែលអាចកើតឡើង ដើម្បីបានត្រៀមទុកជាស្រេច នូវដំណោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់ ។
ក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានណែនាំដល់ក្រុមគ្រូពេទ្យគ្រប់រូបត្រូវធ្វើអំពើល្អដល់អ្នកជំងឺ មិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ គោរពសិទ្ធិ និងការសម្រេចចិត្តរបស់អ្នកជំងឺ និងត្រូវមានយុត្តិធម៌ និងសមធម៌ ៕ អត្ថបទ៖ បាន សុខរិទ្ធិ







