អ៊ុយក្រែន៖ រដ្ឋបុរសអាមេរិកលោក Henry Kissinger បាននិយាយថា អ៊ុយក្រែនគួរតែលះបង់ទឹកដីទៅឲ្យរុស្ស៊ីដើម្បីបញ្ចប់ការលុកលុយ ហើយលោកខាងលិចគួរតែចៀសវាងការស្វែងរកការបរាជ័យដ៏អាម៉ាស់សម្រាប់រុស្ស៊ី ព្រោះវានឹងធ្វើឲ្យមានអស្ថិរភាពដល់សណ្ដាប់ធ្នាប់ពិភពលោក។
អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកសម័យសង្គ្រាមវៀតណាមវ័យ ៩៨ឆ្នាំរូបនេះបាននិយាយនៅក្នុងសន្និសីទមួយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស។ លោក Kissinger បានរំលឹកលោកខាងលិចពីទីតាំងរបស់រុស្ស៊ីនៅក្នុងតុល្យភាពអំណាចអឺរ៉ុប ហើយបានបង្ហើបថា អ៊ុយក្រែនត្រូវតែចូលមកតុចរចាក្នុងពេលឆាប់ៗនេះ។ សារព័ត៌មាន The Telegraph បានដកស្រង់សម្តីរបស់លោកថា ការចរចាត្រូវចាប់ផ្តើមក្នុងរយៈពេលពីរខែខាងមុខ មុនពេលស្ថានការណ៍បង្កើតឲ្យមានភាពចលាចលកាន់តែខ្លាំង និងភាពតានតឹងដែលនឹងមិនអាចដោះស្រាយបានដោយងាយ។ តាមឧត្ដមគតិ បន្ទាត់បែងចែកគួរតែជាការត្រលប់ទៅស្ថានភាពដើមវិញ។ ការរុញឲ្យសង្គ្រាមឈានហួសចំណុចនោះ នឹងមិនមែននិយាយពីសេរីភាពអ៊ុយក្រែនទេ ប៉ុន្តែជាសង្គ្រាមថ្មីប្រឆាំងនឹងរុស្ស៊ីខ្លួនឯង។
ស្ថានភាពដែលមានពីមុខស្រាប់សំដៅលើការស្ដារស្ថានការណ៍ឡើងវិញ នៅពេលដែលរុស្ស៊ីបានគ្រប់គ្រងតំបន់គ្រីមៀជាផ្លូវការ និងបានកាន់កាប់ក្រៅផ្លូវការលើតំបន់ភាគខាងកើតទាំង២ របស់អ៊ុយក្រែនគឺ Luhansk និង Donetsk។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយរួចមកហើយថា ផ្នែកមួយនៃលក្ខខណ្ឌរបស់លោក សម្រាប់ការចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី គឺជាការស្ដារឡើងវិញនូវព្រំដែនមុនពេលមានការវាយលុក។ កាលពីថ្ងៃពុធប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានច្រានចោលយ៉ាងដាច់អហង្ការចំពោះលោកខាងលិច ដែលបានស្នើឲ្យអ៊ុយក្រែនបោះបង់ការគ្រប់គ្រងលើតំបន់ ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព៕
អត្ថបទ៖ សុខមាន