ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៥ ទីតាំង ក្នុងស្រុកថ្ពង និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, លោក សេង សុវណ្ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្ពង, លោក គុជ សាភីន អភិបាលរង នៃគណៈអភិបាលស្រុកសំរោងទង, លោក យិន លន់ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំរោងទង, អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈគ្រប់គ្រងសាលាទាំង៥ ទីតាំង លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា ប្រធានក្រុមការងារ បានគូសរំលេចពីការយកចិត្តទុកដាក់ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះសុខុមាលភាព និងសុវត្ថិភាពសិស្សានុសិស្ស តាមរយៈការចាត់ក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាជាក់ស្តែង ដើម្បីកំណត់អាទិភាពក្នុងការជួសជុល និងសាងសង់ឡើងវិញ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សម្ដេចតេជោចំពោះវិស័យអប់រំ និងបានប្តេជ្ញាសហការជាមួយក្រុមការងារ ដើម្បីជំរុញការងារនេះឱ្យសម្រេចតាមគោលដៅ។
គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៥ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ មានអគារសិក្សាសរុបចំនួន ១១ ខ្នង ស្មើនឹង ៥៧ បន្ទប់ រួមមាន៖
១. សាលាបឋមសិក្សា រលាំងបែង ស្ថិតនៅភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង មានអគារ ២ ខ្នង ស្មើនឹង ១១ បន្ទប់
២. សាលាបឋមសិក្សា ថាន់ គឹមស៊ន ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង មានអគារ ៣ ខ្នង ស្មើនឹង ១៥ បន្ទប់
៣. វិទ្យាល័យ ហ៊ុន សែន ចំបក់ ស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង មានអគារ ៣ ខ្នង ស្មើនឹង ១៥ បន្ទប់
៤. វិទ្យាល័យ ឌីប៉ុក ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង មានអគារ ១ ខ្នង ស្មើនឹង ៦ បន្ទប់
៥. វិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ស្ថិតនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង មានអគារ ២ ខ្នង ស្មើនឹង ១០ បន្ទប់។
ផ្អែកលើលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងនេះ ក្រុមការងារនឹងបន្តបូកសរុប និងវាយតម្លៃបច្ចេកទេសលម្អិត ដើម្បីកំណត់សាលាអាទិភាពសម្រាប់ឈានទៅបើកការដ្ឋានជួសជុលកែលម្អនាពេលឆាប់ៗខាងមុខនេះ សំដៅផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងផាសុកភាព៕


















